ព័ត៌មានជាតិ

បុរសម្នាក់ ឃើញដើរសុខៗ ស្រាប់ដួលស្លាប់ នៅមុខប្រសាទបន្ទាយស្រី

សៀមរាបៈ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក ត្រង់ចំណុចមុខប្រាសាទបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីបុរសម្នាក់ បានដើរសុខៗ ស្រាប់ដួលផុតដង្ហើមតែម្ដង ។

ជនរងគ្រោះឈ្មោះ ព្រឹក ព្រួន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរ ជាអ្នកកាត់ស្មៅ នៅប្រាសាទបន្ទាយស្រី រស់នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ កំពុងកាត់ស្មៅ ស្រាប់តែដួលទៅនឹងដី ក្បាលបែរទៅទិសខាងជើង ពេលឃើញភ្លាម ឈ្មោះ មាស ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាក្មួយស្រីបង្កើត និងជាអ្នកធ្វើការជាមួយគ្នា ក៏ស្រែកហៅឲ្យគេជួយ និងបានកោសខ្យល់ឲ្យជនរងគ្រោះ រួចបានហៅឡានដឹកជនរងគ្រោះ ទៅមណ្ឌលសុខភាពបន្ទាយស្រី បន្ទាប់មកខាងមណ្ឌលសុខភាព យកឡានពេទ្យដឹកជនរងគ្រោះទៅពេទ្យខេត្តទៀត តែជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។

លោកគ្រូពេទ្យ ឈ្មោះ សាក់ សុភក្រ ប្រធានមណ្ឌលសុខភាពបន្ទាយស្រី បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ហើយចំណែក ឈ្មោះ មាស ផល្លា ត្រូវជាក្មួយស្រីក៏បញ្ជាក់ដែរថា កន្លងមកជនរងគ្រោះ ឧស្សាហ៍កើតខ្យល់ជាញឹកញាប់ សម្រាក២ទៅ៣ថ្ងៃទើបធ្វើការកើតវិញ ។ នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន រួចក៏ប្រគល់សពទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់