ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសជាជាងថ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះល្វែង គ្មានអ្នកដឹង។
ដោយសារតែឆក់ខ្សែភ្លើងដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប ហើយការស្លាប់នោះ មានរយៈពេល១យប់ កន្លងមកហើយប៉ុន្តែដោយសារតែជនរងគ្រោះរូបនេះនៅធ្វើការក្នុងផ្ទះនោះម្នាក់ឯងទើបភ្លាមៗគ្មានអ្នកដឹង។
ជនរងគ្រោះឈ្មោះ ឡា គឹមសាន អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ767C ផ្លូវលំ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកផ្ទះល្វែង ដែលកំពុងដំណើរការជួសជុលនោះ មានកម្ពស់៣ជាន់។
តាមប្រភពពីបុរសម្នាក់ឈ្មោះ រិន វិឆ័យ អាយុ២២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅផ្ទះលេខ២៦ ផ្លូវលំភូមិព្នៅ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខណៈដែលរូបគាត់ រួមជាមួយជាងសំណង់ផ្សេងទៀត ឈប់សម្រាកនាំគ្នាទៅផ្ទះ គឺឃើញជនរងគ្រោះ បាននៅធ្វើការម្នាក់ឯង មិនទាន់ទៅផ្ទះទេ ហើយក៏មិនបានដឹងគាត់មានរឿងអ្វីកើតឡើងឡើយ។
លុះដល់វេលាព្រឹកថ្ងៃទី១០ ខែមិនា ខណៈដែលគាត់មកធ្វើការ ក្នុងការដ្ឋានសំណង់ផ្ទះខាងលើដូចសព្វដង ហើយបានឡើងទៅលើជាន់ទី៣ ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកឱបម៉ូទ័រក្រឡុកថ្នាំលាបពិដាននៅទីនោះ។ ពេលនោះគាត់ក៏ចូលទៅមើល ទើបដឹងថាជនរងគ្រោះ ត្រូវម៉ូទ័រឆ្លងចរន្តឆក់ស្លាប់បាត់ទៅហើយ ទើបគាត់ដកឌូយម៉ូទ័រចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយទទួលបានដំណឹងនេះ នគរបាលប៉ុស្តិ៍កសកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង ព្រមទាំងរាយការបន្ត ទៅកាន់ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សព ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់