ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់តូបដូនជីលួចទ្រព្យសម្បត្តិ

កណ្ដាលៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីលួចចំណុចវត្តពិជ័យរង្សី ភូមិអញ្ជែងលើ ឃុំពុឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ គង់ សុផល ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សុំសីលក្នុងវត្ត ពិជ័យរង្សី មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ភី ឃាង ហៅ តុល ឃាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖
-ខ្សែក មាស០២ខ្សែ ទម្ងន់ ២តម្លឹង ៦ជី
-ក្រវិល មាស០១គូ ទម្ងន់ ០៥ហ៊ុន
-លុយចំនួន១០០ដុល្លា
-កាំបិតខ្វែវ ចំនួន០១
-ថ្មសំលាងកាំបិតចំនួន០១( រកឃើញវិញទាំងអស់)
– បាត់អង្រឹង ចំនួន០១។

វត្ថុតាងចាប់យក៖
-ខ្សែកចំនួន០២ខ្សែ
-ក្រវិល ចំនួន០១គូ
-លុយ ចំនួន១០០ដុល្លា
-កាំបិតខ្វែវ ចំនួន០១
-ញញួរ ចំនួន០១
-ថ្មសំលាងកាំបិត ចំនួន០១។

សភាពរឿងហេតុ៖ រយៈពេលជាយូរមកហើយ ដែលជនរងគ្រោះ មកបួស ជាដូនជី នៅក្នុងវត្តពិជ័យរង្សី និងបានសង់ តូបធ្វើពីឈើជញ្ជាំងបាំងសង្ក័សីស្នាក់នៅ។ ហើយកន្លងមកជនសង្ស័យធ្លាប់ បានលួចរបស់របរ នៅក្នុងវត្តពិជ័យរង្សី ជាច្រើនលើក។
ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ និងព្រះសង្ឃព្រះនាម ឈួន ធឿន បានទៅធ្វើបុណ្យឯភ្នំសំពៅ ខេត្តបាត់ដំបង ។
ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ជនសង្ស័យបានលួចយកញញួររបស់ជាងសំណង់ ក្នុងវត្ត យកទៅគាស់ជញ្ជាំងតូបរបស់ជនរងគ្រោះ ហើយយក ទ្រព្យសម្បត្តិរបស់ មាន ខ្សែកមាស០២ខ្សែ ទម្ងន់២តម្លឹង៦ជី ក្រវិលមាស០១គូរ ទម្ងន់០៥ហ៊ុន លុយ១០០ដុល្លារ កាំបិតខ្វែវចំនួន០១ ថ្មសំលាងកាំបិតចំនួន០១ អង្រឹងចំនួន០១ ពេលធ្វើសកម្មភាពហើយរត់ទៅដេកក្នុងចេតិយ នៅពីក្រោយសាលារៀន បឋមសិក្សា ពិជ័យរង្សី ។ រហូតដល់ម៉ោង ៧និង៣០នាទី ជនរងគ្រោះ បានត្រលប់មកដល់វត្តវិញ ហើយឃើញ ជញ្ជាំង តូបខ្លួន រហែក និងបាត់បង់ទ្រព្យសម្បត្តិអស់ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី ។ ទើបថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ច នគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់