ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូលឿនប៉ះគ្នា ទៅបុករានទេវតា បាក់ខ្ទេច រួចផ្លោងអ្នកបើក ចូលផ្ទះពលរដ្ឋ ស្លាប់ និងរបួសធ្ងន់ ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៦កន្លះព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតក្បែរចំណុចផ្លូវចុះចំណោត ផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់។

ជនរងគ្រោះទី១ឈ្មោះ ធាន ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូហុងដា មានស្រុកកំណើត នៅភូមិព្រិច ឃុំច្រេះស ស្រុកមេសាង ខេត្តព្រៃវែង (ស្លាប់) និងទី២ឈ្មោះ គឹម លី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ (របួសធ្ងន់) ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់ មានស្រុកកំណើតនៅភូមិជាមួយគ្នា។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-9132 ធ្វើដំណើរពីលិចមកកើត តាមបណ្តោយផ្លូវ៣៧១។ លុះមកដល់ចំណុចកើតហេតុ បានប៉ះដៃចង្កូតជាមួយម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពាក់ផ្លាកលេខ សៀមរាប 1E-8424 ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងការខូចខាត រួចម៉ូតូហុងដា បានបន្តជ្រុលទៅបុករានទេវតាផ្ទះប្រជាពលរដ្ឋពេញទំហឹង ធ្វើឲ្យបាក់ខ្ទេច ចំណែកផ្លោងជនរងគ្រោះ ខ្ទាតចូលផ្ទះប្រជាពលរដ្ឋ របួសធ្ងន់ និងម្នាក់ទៀតរបួសមធ្យម ត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ នៅពហុព្យាបាលសួគា តែជាកុសលជនរងគ្រោះម្នាក់ ស្លាប់ក្រោយទៅដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀត កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យខាងលើ។

មូលហេតុ៖ អ្នកបើកម៉ូតូហុងដា បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយពេលក្រោយ រី​ឯសព បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់