ភ្នំពេញៈ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលីតាមរយៈឯកអគ្គរដ្ឋទូតបន្តជំរុញនូវការផ្តល់ជំនួយបច្ចេកទេសផ្នែកម៉ាស៊ីនកិនស្រូវនិងទិញអង្ករពីកម្ពុជា ព្រមទាំងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី និងបន្តជំរុញវិនិយោគិនឲ្យមកបណ្តាក់ទុននៅកម្ពុជា និងអ្នកទេសចរណ៍មកទស្សនានៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
ការស្នើនេះបានធ្វើឡើងខណៈសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានៅថ្ងៃទី២ខែកញ្ញានេះ។
ក្នុងជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ Angela Corcoran ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ សម្តេចមានក្តីសង្ឃឹមថា បេសកកម្មការទូតនេះនឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងកាន់តែផ្លៃផ្កាឡើងថែមទៀត។
ក្រៅពីនេះសម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនថា ព្រឹទ្ធសភាកម្ពុជានិងរូបសម្តេចផ្ទាល់ នឹងត្រៀមខ្លួនជានិច្ច ធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។
សម្តេច ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ពេញចិត្ត និងវាយតម្លៃខ្ពស់អំពីការរីកចម្រើនប្រកបដោយលទ្ធផលជាផ្លែផ្កា នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលក្នុងនោះមានការផ្លាស់ប្តូរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កាន់តែរីកចម្រើនឡើងជាបន្តបន្ទាប់។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស រួមមានវិស័យកសិកម្ម អប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់និងយុត្តិធម៌ ព្រហ្មទណ្ឌ ឧក្រិដ្ឋកម្មឆ្លងដែន ហិង្សាប្រឆាំងនឹងស្រ្តី សិទ្ធិជនពិការ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងនោះផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម កំណែទម្រង់ការបោះឆ្នោត ការគាំទ្រការអភិវឌ្ឍសមត្ថភាពកម្ពុជាក្នុងការបោសសំអាតមីន។
សម្តេចគូសបញ្ជាក់ថា ក្នុងនីតិកាលទី៣នេះ ព្រឹទ្ធសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយសភាអូស្រ្តាលី។ សម្តេចសង្ឃឹមថា នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ច្រើនកម្រិត ទាំងកម្រិតខ្ពស់ កម្រិតបច្ចេកទេស និងអគ្គលេខាធិការដ្ឋានរវាងសភាទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។
ជាការឆ្លើយតបលោកស្រី Angela Corcoran បានរំលឹកថា កាលពីខែមីនាកន្លងមកនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ នៅក្នុងខែវិច្ឆិកាខាងមុខនេះ សភាអូស្ត្រាលី មានបំណងអញ្ជើញតំណាងសភាកម្ពុជា ជាមួយនឹងសមាជិកសភាអាស៊ានផ្សេងទៀត ទៅធ្វើទស្សនកិច្ចនៅភាគខាងលិច ប្រទេសអូស្រ្តាលី និងទីក្រុងកំប៊ែរ៉ាផងដែរ។
លោកស្រីបានជម្រាបជូនទៀតថា ដោយឆ្នាំនេះជាឆ្នាំបោះឆ្នោតរបស់ប្រទេសអូស្ត្រាលី ព្រឹទ្ធសភាអូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកស្រីទី បូរ៉ាស៊ី ទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយវិញ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជានិងអូស្ត្រាលីក្នុងនោះលើវិស័យ កសិកម្ម ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម វិនិយោគទុន ដោះមីន និងទេសចរណ៍។
លោកស្រីគូសបញ្ជាក់ថា ក្នុងពេលដែលប្រទេសកម្ពុជា បានក្លាយខ្លួនពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សហប្រតិបត្តិការកម្ពុជាអូស្ត្រាលីលើគ្រប់វិស័យ និងមានសក្តានុពលថ្មីថែមទៀត។ អូស្ត្រាលីក៏បានផ្តល់វិភាគទានជាបន្តបន្ទាប់ក្នុងដំណើការនៃសាលាក្តីខ្មែរក្រហម។ សម្រាប់វិស័យអប់រំអូស្ត្រាលីបានបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០នាក់ក្នុងមួយឆ្នាំ។ ក្រោមផែនការកូឡុំបូ និស្សិតអូស្ត្រាលី បានធ្វើដំណើរមកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការកសាងភាពជាអ្នកដឹកនាំ ដោយក្នុងឆ្នាំនេះចំនួន៣០០នាក់ និងឆ្នាំក្រោយនឹងរំពឹងថាដល់៤០០នាក់។
លោកស្រីបញ្ជាក់ទៀតថា និស្សិតអូស្ត្រាលី ចូលចិត្តមកកម្ពុជា ដែលជាទិសដៅទី៥ដ៏មានប្រជាប្រិយភាពនៅក្នុងរង្វង់អាស៊ាននេះ។ ទន្ទឹមនឹងនេះ លោកស្រីថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់តាមរយៈ អនុស្សរណៈស្តីពីការទទួលយកជនភៀសខ្លួនបរទេស ដែលជាការបង្ហាញអំពីឆន្ទៈដ៏ខ្ពង់ខ្ពស់របស់កម្ពុជា៕




មតិយោបល់