ព័ត៌មានជាតិ

រកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៣ ទីតាំង នៅខេត្តពោធិ៍សាត់ មានភាពមិនប្រក្រតី

ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹង នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៣ ខែមីនា ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៦ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖
– ស្ថានីយ/ដេប៉ូចំនួន ០២ ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព និងបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០១ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់