ភ្នំពេញៈ យុវជនប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ហើយបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចខាងមុខផ្ទះលេខ ៥២០Eo ផ្លូវជាតិលេខ ២ ភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CV-១៨៥៥ មួយគ្រឿងជិះដោយក្រុមក្មេងស្រីចំនួន៣នាក់ ពុំមានពាក់មួកសុវត្ថិភាពក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅជីត្បូងទៅជើង ក៏ជួបនិងគោលដៅរបស់កម្លាំងនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកក៏បើកបត់ត្រឡប់មកក្រោយវិញក្នុងទិសដៅបញ្ច្រាសទិស។ ពេលដែលក្រុមក្មេងស្រីទាំង៣នាក់ បើកម៉ូតូបត់មកក្រោយវិញ ដើម្បីគេចពីការចាប់ផាកពិន័យនោះ ក៏ត្រូវម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្តាល ១V-០១២៦ មួយគ្រឿងទៀត ដែលបើកបរដោយយុវជនម្នាក់ ពុំបានពាក់មួកសុវត្ថភាពដូចគ្នា បើកបរក្នុងល្បឿនលឿន ហើយបានបុកបណ្តាលឲ្យរងរបួសធ្ងន់ និងក្មេងស្រីទាំង ៣នាក់រងរបួសស្រាល ចំណែកឯម៉ូតូម៉ាកនិចទាំងពីរគ្រឿងរងការខូខខាតយ៉ាងដំណំដូចគ្នា។
ក្រោយពេលកើតហេតុយុវជនដែលរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកមានជ័យមកដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូម៉ាកនិចទាំងពីរគ្រឿងក្រោយពីធ្វើការវាស់វែងរួចហើយក៏បានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់