ភ្នំពេញៈ យុទ្ធនាការដាំដើមជីវិតនៅសមុទ្រទឹកសាប ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗ បានប្រព្រឹត្តទៅយ៉ាងល្អ ខណៈកូនឈើជាង១ម៉ឺនដើម ត្រូវបានប្រជាពលរដ្ឋរាប់ពាន់នាក់ ចូលរួមដាំអស់ដើម្បីស្ដារព្រៃឈើកម្ពុជា ឡើងវិញ និងប្រែក្លាយតំបន់ទាំងនោះ ទៅជាតំបន់ដែលពោរពេញដោយព្រៃឈើសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ ជាមួយភាពជោគជ័យលើកនេះ ក្រុមការងារវិទ្យុ អេប៊ីស៊ី ក៏បានគ្រោងនាំប្រជាជនរាប់ម៉ឺននាក់ទៀត ទៅដាំដើមឈើរាប់ម៉ឺនដើមនៅលើភ្នំបូកគោ និងខេត្តសៀមរាប ដើម្បីជំរុញការចូលរួម និងផ្លាស់ប្ដូរផ្នត់គំនិតសាធារណៈឲ្យស្រឡាញ់ ការពារ និងថែរក្សាធម្មជាតិសម្រាប់ទាំងអស់គ្នា។
ពិធីការិនីវិទ្យុអេប៊ីស៊ី កញ្ញា ច្រិប ប្រាប់ Post News ថា ក្រុមការងារអេប៊ីស៊ី មិនខ្វល់ពីការកាប់ព្រៃឈើពីមុនមកនោះទេ ប៉ុន្តែយើងខ្វល់តែពីការដាំដើមឈើឡើងវិញ គឺដើម្បីសងគុណផែនដី ដែលលើកនេះ អេប៊ីស៊ី ប្រមូលបានប្រិយមិត្តច្រើនជាងធម្មតា។ កញ្ញាថា ការដាំដើមឈើនេះ គឺជាការស្តារព្រៃឡើងវិញ ដោយសង្ឃឹមថា ប្រជាជនទាំងអស់ស្រឡាញ់ដើមឈើ ដោយមិនខ្វល់ថា គេកាប់ ឬមិនកាប់ សំខាន់ គឺបានសងគុណផែនដី។ “ការដាំដើមឈើនេះ គឺជាការស្តារព្រៃឡើងវិញ សង្ឃឹមថា ប្រិយមិត្តអ្នកស្តាប់អេប៊ីស៊ី ទាំងអស់ស្រឡាញ់ដើមឈើ ដោយមិនខ្វល់ថា គេកាប់ ឬមិនកាប់ សំខាន់ គឺខ្លួនយើងបានសងគុណផែនដីហើយ ឬនៅ ដាំដើមឈើវិញហើយ ឬនៅ ដូច្នេះការដាំដើមឈើវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា អ៊ីចឹងយើងត្រូវតែចូលរួមដាំដើមឈើទាំងអស់គ្នា”។ កញ្ញា ច្រឹប បន្ថែម។
កញ្ញា ច្រិប តំណាងអាចារ្យអេ អគ្គនាយកវិទ្យុអេប៊ីស៊ី ក៏បញ្ជាក់ដែរថា អេប៊ីស៊ី នៅតែបន្តសកម្មបែបនេះច្រើនកន្លែងទៀត។ កញ្ញាថា “គម្រោងអត់ទាន់ច្បាស់ទេ ប៉ុន្តែយើងបានទទួលការទាក់ទងមក មិនមែនជាការស្នើសុំទេ តែជាការផ្តល់ឱកាស ផ្តល់កន្លែងឲ្យ គឺយើងមានដូចជាខេត្តសៀមរាប ប្រហែលជាយើងទៅដាំព្រៃលិចទឹក និងខេត្តកំពត (នៅលើភ្នំបូកគោ) ប្រហែលជាយើងទៅដាំសាកូរ៉ា នេះជាផែនការបន្តទៅទៀត ប៉ុន្តែអត់ទាន់ច្បាស់នៅឡើយទេ”។
ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា ដែលឧបត្ថម្ភធំលើយុទ្ធនាការលើកនេះ ក៏ឲ្យ Post News ដឹងដែរថា និយាយជាទូទៅ និងដោយឡែក ដើមឈើមានអត្ថប្រយោជន៍ច្រើន ទាំងកសិកម្ម ទាំងទេសចរណ៍ អេកូទេសចរណ៍ ល្អទាំងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្នុងវិស័យអគ្គិសនី គឺពឹងប្រភពទឹកយកធ្វើវារីអគ្គិសនី ដែលមានន័យថា ផ្ទៃរងទឹកភ្លៀង កាលណាមានព្រៃវាមានទឹកជ្រោះធ្លាក់ទៅតាមជ្រលងបឹងបួរ វាល្អទាំងអស់គ្នា ទាំងខាងអគ្គិសនីផងដែរ។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បន្តថា “វាស្ថិតនៅក្នុងក្របខ័ណ្ឌរបស់ជាតិទាំងមូល ទាំងផ្នែកមច្ឆាជាតិ ទាំងផ្នែកអាកាសធាតុមិនសូវក្តៅ ទាំងផ្នែកកសិកម្ម ទាំងផ្នែកទេសចរណ៍ អេកូទេសចរណ៍ អញ្ជឹងហើយ វាចំណេញទាំងអស់គ្នា អញ្ចឹងហើយទាំងក្នុងក្របខ័ណ្ឌនេះ អគ្គិសនីកម្ពុជា បានដាក់អាទិភាពមួយក្នុងអាទិភាពសង្គមជាច្រើន ជួយស្តារឡើងវិញ នូវព្រៃឈើនេះ តាមដែលអាចធ្វើទៅបាន”។
ពាក់ព័ន្ធនឹងផលប្រយោជន៍នៃការដាំដើមឈើនេះដែរ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានឲ្យដឹងថា ការដាំដើមឈើឡើងវិញនេះ មានផលប្រយោជន៍ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋ ព្រោះកាលណាដាំដើមឈើយើងមានគម្របព្រៃឈើ មានដូចជា ប្រស់ស្វា ផ្សិត ពកផ្សិតជាដើម ដែលបងប្អូនប្រជាពលរដ្ឋអាចប្រមូលផលនេះ ទៅតាមរដូវកាល ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយក៏ជាការថែរក្សាបរិស្ថានបានមួយចំនួនផង។ លោកបន្ថែមថា ក្រៅពីស្រុកក្រគរ ដូចជានៅតាមទំនាបបឹង ក៏នៅមានតំបន់ព្រៃលិចទឹកមួយចំនួនដែលរងការកាប់ទន្ទ្រាន តែអាជ្ញាធរក៏បានធ្វើការស្រោចស្រង់បានមួយចំនួនមកវិញ ហើយនៅបណ្តាស្រុកមួយចំនួន យើងមានសហគមន៍ដែរ ប៉ុន្តែសហគមន៍ខ្លះយើងត្រូវការដាំឡើងវិញ សហគមន៍ខ្លះទៀត មិនចាំបាច់ទេ គ្រាន់តែយើងធ្វើការការពារបន្ថែម។
ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រាប់ Post News ដែរថា ចលនាដាំដើមឈើនេះ មានតាំងពីយូរមកហើយ ប៉ុន្តែថ្ងៃនេះ គឺសំខាន់ ព្រោះវិទ្យុអេប៊ីស៊ី មានចលនាបងប្អូនប្រជាពលរដ្ឋពីភ្នំពេញ មកស្រុកក្រគរ ដើម្បីស្ដារព្រៃឈើឡើងវិញ។ លោកបញ្ជាក់ថា នេះជាការឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលមានជាធរមាន គឺមានការអនុញ្ញាតឲ្យមានការកាប់ព្រៃធ្វើអាជីវកម្ម ឬមួយធ្វើអ្វីផ្សេងទៀតទេ គឺគោលដៅធំការដាំព្រៃឈើឡើងវិញ។
លោកក៏ឲ្យដឹងទៀតថា សកម្មភាពនេះ ជាការឆ្លុះបញ្ចាំងអំពីការចូលរួម ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ បង្កើនការស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ពិសេសការដាំដើមឈើនៅតាមតំបន់នានាដែលជាតំបន់ព្រៃរិចរិល បំណងដើម្បីប្រែក្លាយតំបន់ទាំងនោះ ជាតំបន់ពោរពេញទៅដោយព្រៃឈើសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ “រហូតមកដល់ថ្ងៃនេះ យើងបានជួយបន្ថែមដោយដាក់ដាំដើមឈើ ក្នុងតំបន់នេះឡើងវិញ ហើយការស្តារនេះ មានសារសំខាន់ត្រង់ថា ការស្តារព្រៃនេះឡើងវិញ គឺយើងអាចធានាបាននូវជីវភាព ហើយយើងក៏អាចធានាបាននូវសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាសហគមន៍នៅទីនេះតែម្តង។ ហើយយើងសង្ឃឹងថា ទៅខាងមុខទៀងនៅតំបន់នេះ អាចផ្តល់ផលព្រៃឈើថែមច្រើនជាងមុន”។ លោក សាយ សំអាល់ បញ្ជាក់បន្ថែម។
គួរជម្រាបថា យ៉ាងហោចណាស់មានបងប្អូនប្រជាពលរដ្ឋជាង៥ពាន់នាក់ បានចូលរួមដាំដើមឈើជាងមួយម៉ឺនដើម ក្រោមប្រធានបទដាំដើមជីវិតនៅសមុទ្រទឹកសាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរៀបចំឡើងដោយវិទ្យុ អេប៊ីស៊ី សហការរៀបចំដោយ អគ្គិសនីកម្ពុជា – EDC និងមានការគាំទ្រដោយក្រសួងបរិស្ថាន និងក្រសួងព័ត៌មាន ព្រមទាំងអភិបាលខេត្តពោធិ៍សាត់ និងសាធារណជនផងដែរ។ នេះបើតាមការប្រកាសរបស់អេប៊ីស៊ី៕



















































មតិយោបល់