ព័ត៌មានជាតិ

បបែលងៀត បាញ់ឌុក លតខៀវ ផ្លែប៉ោម សារី ផ្លែគូលេនមានផ្ទុកសារធាតុគីមីហាមឃាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

បាត់ដំបងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្តី្រមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលមានដាក់តាំងលក់នៅតាមស្តង់នានា ក្នុងពិធីបុណ្យទន្លេ និងនៅផ្សារធំបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៩៧ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនដូចជា៖
– ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ៦ មុខ (បបែលងៀត បាញ់ឌុក លតខៀវ ផ្លែប៉ោម សារី ផ្លែគូលេន)
ទឹកផ្លែឈើចំរុះ ចំនួន ២០៦ដប ស្មើនឹង ៦១គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ទំនិញខាងលើ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវទំនិញដែលខូចគុណភាព និងហួសកាលបរិចេ្ឆទការប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាផងដែរ៕

 

មតិយោបល់