បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ចាប សុផាឬទិ្ធ ស្នងការរងខេត្តបន្ទាយមានជ័យទទួលផែនប្រឆាំងបទល្មើស បានប្រាប់Post Newsថា មានករណីឃាត់រថយន្តមួយគ្រឿងម៉ាកHYUNDAI ដែលដឹកផលិតផលបក្សី សាច់មាន់ ជង្គង់មាន់ និងគ្រឿងក្នុងមាន់ ខុសច្បាប់ចំនួន៨៥០គីឡូក្រាម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ម្ចាស់រថយន្តមានឈ្មោះ ហួត សំបូរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តន្រ្តីសម័យ ស្នាក់នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបររថយន្តមួយគ្រឿង ម៉ាកHYUNDAIកូរ៉េ ពណ៌ស ពាក់ស្លាកលេខ3A-1191 ពាក់ព័ន្ធនឹងការដឹកជញ្ជូនផលិតផលបក្សី រួមមាន សាច់មាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្មានច្បាប់ដែលបាននាំយកមកពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងអូរបីជាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងនាំយករថយន្ត ព្រមទាំងផលិតផលបក្សីមករក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត (ការិយាល័យនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច)។
ក្រោយកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចជំនាញបានប្រគល់ផលិតផលសាច់បក្សីទាំងអស់នោះ ប្រគល់ជូនមកខាងសាខាកុងត្រូល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់