បន្ទាយមានជ័យៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាបុរសម្នាក់បើកម៉ូតូវ៉ាជែង រថយន្តធំក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងទៀត បើកក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យដួលត្រូវរថយន្តកិន ចំក្បាលស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចមុខហាងហ្គ្រេនម៉ាត ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះនិងអាស័យដ្ឋាន នោះទេ ។ បើតាមការឲ្យដឹងនៅកន្លែងកើតហេតុ មុនពេលកើតមានគ្រោះថ្នាក់ ជនរងគ្រោះដែលស្លាប់បានបើកបរម៉ូតូម៉ាងហុងដាសេរីចាស់ បើកក្នុងទិសដៅ ពីត្បូង ទៅជើងយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចមុខ ហាង ហ្គ្រេនម៉ាតស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បាន វ៉ាជែងរថយន្តធំផ្ទុកទំនិញធុនធ្ងន់ ម៉ាកហ៊ីយុនដាយ ហើយបានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម បើកបរក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង បណ្តាលឲ្យម៉ូតូដួល ខ្ទាតមនុស្សទៅលើទ្រូងថ្នល់ត្រូវរថយន្តកិនចំពីលើក្បាលស្លាប់មួយរំពេច ។ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកម៉ូតូម៉ាកហុងដាសេរីចាស់ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ សាកសព ត្រូវបានកម្លាំងនគរបាលជំនាញចរាចរខេត្តយកទៅរក្សាទុកនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ វត្ថុតាងម៉ូតូខូចខាត ២គ្រឿង ខូចធ្ងន់១គ្រឿង ស្រាល១គ្រឿងនិងរថយន្តស្រាលយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់