ព័ត៌មានជាតិ

កម្លាំងមូលដ្ឋានអាវុធហត្ថឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយ ១អង្គ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលោកសង្ឃ០១អង្គ បាននិមន្តបិណ្ឌបាត ហើយលួចប្រើប្រាស់គ្រឿងញៀនទៀតផង។ ភ្លាមៗនោះលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ មូលដ្ឋាន អ.ហ ក្រុង បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនព្រះសង្ឃនោះតែម្តង ហើយដកហូតបានថ្នាំញៀន ពណ៌លឿង ចំនួន ០២គ្រាប់ ទូរស័ព្ទដៃ ០១គ្រឿង ប្រាក់ខ្មែរចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ។

លោក វ/ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា សង្ឃ០១អង្គនោះមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកម្រៀង ខេត្តបាត់ដំបង ក្រោយពីមន្ត្រីមន្ទីរធម្មកានិងសាសនាខេត្ត សួរនាំរួចមកទើបដឹងថា សង្ឃ០១អង្គនេះក្លែងក្លាយ ដោយគ្មានអ្វីជាសម្គាល់ខ្លួនឡើយ ហើយក៏បានធ្វើពិធីផ្សឹកនៅវត្តសមាធិផល ដោយមានការចូលរួមទាំងមន្ត្រីសង្ឃ និងធម្មការ មន្ត្រីសង្ឃវត្តសមាធិផល រួចប្រគល់មកឱ្យសមត្ថកិច្ចមូលដ្ឋាន អ.ហ ក្រុង ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀន អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ៕

មតិយោបល់