ព័ត៌មានជាតិ

គុយបា ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារមានអាយុ ២ឆ្នាំឡើងទៅ

(ឡាហាវ៉ាន)៖ គុយបា នៅថ្ងៃចន្ទសប្ដាហ៍នេះបានក្លាយជាប្រទេសដំបូងគេនៅក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចាប់ពី២ឆ្នាំ ឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការ WHO នៅឡើយទេ។

អាជ្ញាធរសុខាភិបាលគុយបា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដោយប្រើប្រាស់វ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ខ្លួនឈ្មោះ Abdala និង Soberana កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើកុមារមានអាយុចាប់ពី ១២ឡើងទៅ។ នៅថ្ងៃចន្ទសប្ដាហ៍នេះ គុយបាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងលើ កុមារមានអាយុចាប់ពី ២ឆ្នាំ ដល់១១ឆ្នាំ នៅក្នុងខេត្ត Cienfuegos។

មកទល់នឹងពេលនេះ បណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកកំពុងចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ហើយក្នុងនោះចិន អេមីរ៉ាតអារ៉ាប់រួម និងវេណេស៊ុយអេឡា ក៏បានប្រកាសថាពួកគេមានផែនការចាក់វ៉ាក់សាំងលើកុមារមានអាយុ ២ឆ្នាំឡើងទៅដូចគ្នាដែរ។ ប៉ុន្តែ គុយបាបានចាប់ផ្ដើម ធ្វើបែបនេះមុនគេ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់