ភ្នំពេញៈ យុវជនម្នាក់ចេញពីកម្មវិធីមិត្តភក្តិ ហើយជិះម៉ូតូម្នាក់ឯងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនសង្ស័យដេញវាយប្លន់ម៉ូតូបានសម្រេចដោយសុវត្ថិភាព កាលពីវេលាម៉ោង០១និង១០នាទីយប់ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រភពឲ្យដឹងពីជនរងគ្រោះ ឈ្មោះ ផួង គន់ថល អាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុ គេបានជិះម៉ូតូឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-1023 ដោយទើបចេញពីកម្មវិធីរបស់មិត្តភក្តិនៅកោះពេជ្រ។ លុះពេលគេជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះហួសស្ថានីយបូមទឹកបឹងទំពុនបន្តិច ក៏មានភ្លើងម៉ូតូ២គ្រឿងជិះដេញគេពីក្រោយ ហើយជនសង្ស័យនោះបានជិះមកធាក់ម៉ូតូរបស់គេ (ជនរងគ្រោះ) តែធាក់មិនត្រូវ ហើយបក្ខពួកជនសង្ស័យពីរនាក់ទៀត ក៏ជិះមកកាត់ម៉ូតូរបស់គេឲ្យឈប់ និងវាយដេញវាយខ្លួន ព្រោះភ័យពេក ក៏ផ្តួលម៉ូតូរត់តែម្តង។ ភ្លាមៗនោះ ជនសង្ស័យក៏លើកម៉ូតូរបស់ជនរងគ្រោះ ជិះចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពុន ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
មតិយោបល់