ព័ត៌មានជាតិ

តាមពិតជនរងគ្រោះ ជេរម៉ែឪជនសង្ស័យក៏ខឹង ចាក់សម្លាប់តែម្ដង ហើយរត់គេចខ្លួនពីភ្នំពេញ ទៅជាប់ខ្នោះខេត្តកំពង់ធំ

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ឃាត់បានហើយ ជនសង្ស័យ ដែលប្រើកាំបិតចិតបន្លែមុខស្រួច ចាក់សម្លាប់សន្តិសុខយាមមុខធនាគារ PPC BANK កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខធនាគារភ្នំពេញ អាគារលេខ៧៨ ផ្លូវមុន្នីរ៉េត ក្រុមទី៣៩ ភូមិ៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មូលហេតុ៖ ជនរងគ្រោះ ថាឲ្យជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន និងជេរម៉ែឪជនសង្ស័យ។

ជនរងគ្រោះឈ្មោះ ប៊ុន សុខចម្រើន ភេទប្រុស អាយុ ៤០ឆ្នាំ ជាសន្តិសុខឯកជន យាមនៅមុខធនាគារ PPC BANK (ពីមុនជនរងគ្រោះ ក៏ធ្លាប់ជាអ្នកដើររើសចាយផងដែរ ប៉ុន្តែចង់បានប្រាក់កម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារ ទើបមកធ្វើជាសន្តិសុខ បានប្រហែល ១ខែតែប៉ុណ្ណោះ) មានទីលំនៅឯខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ផន វន មុខរបររើសអេតចាយ រស់នៅខេត្តកំពង់ស្ពឺ មានកូនប្រុសស្រី ក្នុងបន្ទុកចំនួន ៦នាក់ (ប្រុស ២នាក់)។ ជួលបន្ទប់នៅខណ្ឌដង្កោ ។

ចំណែកជនសង្ស័យឈ្មោះ ឈី ប៊ុនណៃ ហៅ ស្កាយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សន្ដិសុខCSC (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដកបានរួមមាន៖
-កាំបិតចិតបន្លែមុខស្រួចចំនួន០១ (បាក់ដង)
-កង់ពណ៌ផ្កាឈូក កន្រ្ដពណ៌ខ្មៅចំនួន០១គ្រឿង
-ខោអាវសន្ដិសុខចំនួន០១កំផ្លេ
-អាវសាច់ក្រណាត់ដៃវែង ក្រឡាពណ៌ក្រហម និងមួកសន្ដិសុខចំនួន០១។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ជាមួយអ៊ំប្រុស ចេញពីផ្ទះមកធ្វើការ ជាសន្ដិសុខយាមកាម នៅធនាគារខាងលើ។ ពេលមកដល់ជនរងគ្រោះ និងអ៊ំប្រុសជនរងគ្រោះ បានរៀបចំបោសសម្អាតនៅមុខធនាគារ ដោយក្រោយធ្វើរួចរាល់ អ៊ំជនរងគ្រោះ ក៏បានចូលទៅងូត ទឹកបាត់ទៅ។

មួយសន្ទុះក្រោយមក ពេលគាត់ចេញមកវិញ ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខ និងមានឈាមហូរជាច្រើន ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះត្រួតពិនិត្យ ហើយបញ្ចូនសពទៅតម្កល់វត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ។

ជាលទ្ធផល បង្ហាញថា សាកសពមានឃើញស្នាមរបួស ត្រូវកាំបិតចាក់ចំនួន ៥កន្លែង។ ក្រោយធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅភូមិព្រៃពន្លិច សង្កាត់អាចរ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

មតិយោបល់