ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ ប្រវែង១៣៨,៦១គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ស្ពឺ។
ផ្លូវជាតិលេខ៤៤ នេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន ដោយត្រូវសាងសង់រយៈពេល ៤០ខែ គឺចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នាខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ ដោយចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៥.២៣០.៧២៨ដុល្លារអាមេរិក ផងដែរ។
ផ្លូវជាតិលេខ៤៤នេះ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ មាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩៕
មតិយោបល់