ភ្នំពេញៈកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ធ្វើការគាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះបានសម្រេច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២១ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវដួងងៀបក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសុវណ្ណ ចាន់រ៉ាឌីអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
រីឯនារីរងគ្រោះឈ្មោះម៉េង សុខអ៊ីម អាយុ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1-6986 ចេញពីការ៉ាសសាំងតាមផ្លូវដួងងៀបក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBenT ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1P-3090 ជិះមកពីក្រោយបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីកំប៉ៅអាវរបស់នាងហើយបម្រុងជិះរត់គេចខ្លួន ហើយពេលនោះនាងក៏បានជិះទិញពីក្រោយនិងស្រែកថាចោៗផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវក៏នាំគ្នាដេញពីក្រោយរហូតមកដល់ផ្លូវវេងស្រេងក៏ជួបនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ដេញចាប់បានជនសង្ស័យម្នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូម៉ាកBenT របស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនិងទូរស័ព្ទរបស់នារីរងគ្រោះចំនួន១គ្រឿង ហើយបានប្រគល់ទូរស័ព្ទទៅឱ្យនារីរងគ្រោះវិញ។
ក្រោយពេលកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការបន្ត។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់