មណ្ឌលគិរីៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចត្រពាំងកកោះ ករណីលួចដាក់អន្ទាក់ចាប់សត្វព្រៃចំនួន៣៥ខ្សែ ជាប្រភេទអន្ទាក់ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វព្រៃនិងមនុស្ស នៅចំណុចអូរល្វេរ ក្នុងដែនជម្រកសត្វព្រៃស្រែពក រួចកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី ។
ជនសង្ស័យឈ្មោះ សា វា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហើយត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ។
មន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងជាក់ស្ដែងនូវកាំបិតផ្គាក់ចំនួន១ ចបជីកចំនួន១ និងម៉ូតូគ្មានពាក់ផ្លាកលេខ១គ្រឿង យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន ។ ចំណែកអន្ទាក់ដែលបានដាក់រួចត្រូវបានមន្រ្តីឧទ្យានុរក្សទៅប្រមូលយកនិងសា រួចដុតកម្ទេចចោលនៅកន្លែងកើតហេតុ ។
ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ ប៉ុន្តែមិនរាងចាលនៅតែប្រព្រឹត្តបន្តទៀត ៕
មតិយោបល់