ព័ត៌មានជាតិ

ចេញពីពន្ធនាគារ មិនរាងចាល នៅប្រព្រឹត្តបទល្មើសទៀត ត្រូវនគរបាលចាប់ញាត់គុកលើកទី២

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការពីបទប្រព្រឹត្តអំពើរំលោភ លើសេចក្តីទុកចិត្ត ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះ បានបោកយកម៉ូតូរបស់បងប្អូន ក្នុងភូមិចំនួន២គ្រឿង យកទៅបញ្ចាំលេងល្បែង និងទិញគ្រឿងញៀនជក់អស់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ទួង រាសី ភេទប្រុស អាយុ២៧ឆ្នាំ​ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជននេះ បានប្រព្រឹត្តបទល្មើសរំលោភ លើសេចក្តីទុកយកម៉ូតូមិត្តភក្តិ យកទៅបញ្ចាំ ចំនួន២ករណី ត្រូវបានជនរងគ្រោះប្តឹងឲ្យចាប់ខ្លួន។

លោកវរសេនីយ៍ឯក ខែម សោភ័ណ បានបន្តថា ៖ ករណីទី១- នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦និង១៥នាទីយប់ ជនសង្ស័យឈ្មោះ ទួង រាសី បានខ្ចីម៉ូតូម៉ាក ZOOMER ​ពណ៌ស លាយទឹកក្រូច ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-7277 របស់ឈ្មោះធុង ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ​ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខណៈពេលកំពុងអង្គុយផឹកស៊ី ជាមួយគ្នាថាជិះទៅទិញសាច់ក្លែម ហើយជិះយកទៅបាត់ មិនត្រឡប់មកវិញ។ ករណី ទី២-នៅវេលាម៉ោង ១១និង៥០នាទីយប់ រំលងអធ្រាតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ទួង រាសី បានយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1I-8743 របស់ឈ្មោះ សុខ សុផល ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិបឹងវែង ឃុំ​តាឡំ ស្រុកមង្គលបូរី ដោយនិយាយថាខ្ចីទៅទិញទឹកផឹក ហើយជិះទៅបាត់មិនត្រឡប់មកវិញ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ៖ ឈ្មោះ ទួង រាសី នេះធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ខែកន្លះ បានប្រព្រឹត្តបទល្មើស២ករណី ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ចាប់ឃាត់ខ្លួននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥នាទីរសៀល នៅនឹងផ្ទះរបស់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ៖ ខ្លួនគេពិតជាបានយកម៉ូតូរបស់ឈ្មោះ ធុង ឆៃយ៉ា និងឈ្មោះ សុខ សុផល ប្រាកដមែន ក្រោយពីយកទៅបានបញ្ចាំ បានលុយគេទៅលេងល្បែងនៅកាស៊ីណូ និងទិញគ្រឿងញៀនជក់អស់។

ដោយផ្អែកទៅលើបន្តឹងរបស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានរៀបចំសំណុះរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់