ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូ PCX ទៅលេងផ្ទះបងប្អូន នៅឯម្តុំនឹងអូតែលសុខា ពេលត្រឡប់មកវិញ ស្រាប់តែអកហ្សើនឹងម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ក៏ជ្រុលបុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិតតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវអូតែលសុខា ត្រង់ចំណុចយ៉ុតថ្កា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ តុល ម៉ាត់ អាយុ ៤៥ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មាន ស្នាក់នៅម្តុំគីឡូលេខ៨ (ស្លាប់)។
ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GU-5286 ធ្វើដំណើរតាមបណ្តោយផ្លូវអូតែលសុខា ក្នុងទិសដៅពីជើងទៅត្បូង បំណងទៅលេងផ្ទះបងប្អូន។ នៅពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ១គ្រឿងទៀត ជាប្រភេទម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GR-4683 ធ្វើដំណើរតាមបណ្តោយផ្លូវអូតែសុខា ក្នុងទិសដៅពិត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ដោយកំពុងបើកសុខៗ ស្រាប់តែបត់ត្រឡប់ក្រោយ ធ្វើឲ្យអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកម៉ូតូPCXពេញទំហឹង បណ្តាលឲ្យរងការខូចខាតម៉ូតូ និងបោកក្បាលអ្នកបើកម៉ូតូ PCX រងរបួសធ្ងន់។
ក្រោយកើយហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចទាក់ទងហៅរថយន្តសង្គ្រោះ មកដល់បម្រុងដឹកជនរងគ្រោះ យកទៅព្យាបាល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុ ម៉ូតូភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញ
រីឯសព ប្រគល់ឲ្យបងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់