ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យ គុណភាពអាល់កុល និងតម្លៃលក់ម៉ាស់

បាត់ដំបងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល អង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តកូវីដ-១៩ ក្នុងក្រុងបាត់ដំបង។

គោលបំណង នៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៍សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។

ជាលទ្ធផលមន្ត្រីជំនាញ រកពុំឃើញភាពមិនប្រក្រតីណាមួយនៅក្នុងឱសថស្ថានទាំងនោះឡើយ។ ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស់ អាល់កុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

មតិយោបល់