ព្រះវិហារៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តព្រះវិហារ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងព្រះរាជអាជ្ញាខេត្ត បានបើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល និងអង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។
ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញឱសថស្ថានមួយចំនួនដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន ៨១ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត ។
ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
មតិយោបល់