ភ្នំពេញៈ បាត់មុខពីវិថីសិល្បៈ ចាប់តាំងពីការដួលរលំផលិតកម្មរ៉ក់ ម្ចាស់បទ «សេដ្ឋីស្រុកស្រែ» ដែលអ្នកណាក៏ស្គាល់ឈ្មោះថា សុខ រតនៈ ហៅជេក នៅតែបានបណ្ដែតខ្លួនជាតារាចម្រៀងដដែលនៅឡើយទេ បើទោះជាលោកបានប្រកាន់ជំហរមិនចូលផលិតកម្មណាបន្ទាប់ក៏ដោយ។ អ្វីដែលគេកត់សម្គាល់គឺលោកបានទាំងជាប់តេស្ដទៅអូស្រ្តាលី ក្នុងគម្រោងចេញច្រៀងនៅក្រៅប្រទេស ខណៈដែលតារាចម្រៀងមានផលិតកម្មជ្រកខ្លះ អត់អ្នកទាក់ទងហៅច្រៀងនោះផង។
លោក សុខគា ហៅញ៉ាញ់ ជាមិត្តជិតស្និទ្ធិរបស់លោកជេក បានអះអាងថា ម្ចាស់បទ«សេដ្ឋីស្រុកស្រែ» ដ៏ល្បីរបស់ផលិតកម្មរ៉ក់រូបនេះ ក្រោយពេលបាត់បង់ផលិតកម្មជ្រក លោកមិនបានបោះបង់វិថីសិល្បៈដូចការលើកឡើងនោះទេ។ ផ្ទុយទៅវិញ លោកកាន់តែមានទីផ្សារក្នុងការបង្កើតក្រុមតន្ត្រី និងទទួលការងាររៀបចំតន្ត្រីតូចធំនៅតាមពិធីផ្សេង។ លោកថាលោកជេក មានមោទនភាពនឹងការងារអាជីវកម្មផ្ទាល់ខ្លួននោះហើយ ដែលបណ្ដាលឲ្យតារាចម្រៀងដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងរូបនេះ មិនខ្វល់ចូលជ្រកផលិតកម្ម ដោយសូម្បីតែការទទួលច្រៀងលើឆាកទូរទស្សន៍ក៏សឹងនឹងគ្មាន។
លោកថាលោកជេក នៅតែខ្លាំងក្នុងការងារសិល្បៈ បន្ទាប់ពីបានក្លាយជាថៅកែទាំងវ័យក្មេងដែលមានឆាក មានភ្លេង និងមានសេវាកម្មវិធីទទួលរៀបចំពិព័រណ៌ និងការប្រគុំតន្ត្រីតូចធំ។ អ៊ីចឹងហើយទើបលោកនៅតែមានទីផ្សារចេញច្រៀងក្រៅស្រុក ដោយបានទាំងសម្ភាសន៍ជាប់ពីទូតអូស្រ្តាលីតាមការគ្រោងទុកនោះផង។ លោកថាលោកជេក នឹងត្រូវចេញច្រៀងរយៈពេល២ខែ ដោយការចេញដំណើរនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ កញ្ញានេះ និងត្រូវត្រលប់មកវិញនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ នៅក្នុងសម្មភាពចេញច្រៀងនោះ លោកថាខ្លួនលោកដែលជាអ្នកចម្រៀងក្នុងវង់អកកេសរបស់លោកជេក ក៏ទទួលបានឱកាសចេញសម្ដែងជាលើកទី១នៅក្នុងប្រទេសអូស្រ្តាលីនោះដែរ ដោយលោករំពឹងថាការសម្ដែងរបស់ក្រុមខ្លួននឹងទទួលបានជោគជ័យ។
លោកថាលោកជេក ត្រូវបានសមាគមខ្មែរ និងបងប្អូនរស់នៅប្រទេសអូស្រ្តាលីអញ្ជើញឲ្យចេញច្រៀងនៅក្នុងប្រទេសនោះច្រើនលើកមកហើយ ប៉ុន្តែច្រើនតែជាប់ការងារ ទើបលោកទើបតែបានចេញទៅជាក្រុមធំលើកនេះ។ នេះក៏ជាគម្រោងចេញច្រៀងរបស់លោកជេក និងតារារួមអាជីព ដើម្បីស្វែងរកថវិកាជួយដល់អង្គការកុមារកំព្រាដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីផងដែរ ដើម្បីជាប្រយោជន៍ដល់កុមារក្រខ្សត់នៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបដោយផ្ទាល់នាពេលកន្លងមក លោកជេកបានអះអាងថា ដោយសារតែគ្មានបទថ្មីទើបលោកបដិសេធមិនឡើងទូរទស្សន៍រហូតមានអ្នកខ្លះយល់ថាលោកបាត់មុខ។ ប៉ុន្តែលោកក៏មិនច្បាស់ពីរឿងផលិតបទថ្មីដើម្បីប្រជែងទីផ្សារនោះដែរ ក្នុងពេលដែលលោកក៏មានវង់តន្ត្រីដែលត្រូវទទួលខុសត្រូវស្ទើរមិនមានពេលសម្រាក៕
https://youtu.be/4t-FMDQSR8Y
មតិយោបល់