ព័ត៌មានជាតិ

រន្ធត់ណាស់! កូនប្រុសយកកាំបិតអារកឪពុករបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ បាន​យក​កាំបិតប៉័ងតោ​ពី​ក្នុងផ្ទះ​បាយ​មក​អាករ​ឪពុក​ខ្លួន​ ខណៈ​កំពុង​ដេក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ។​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៤​និង​១៥​នាទី​ ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​កណ្ដាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

មន្ដ្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ឈ្មោះ​ ហ៊ី​ម​ យ៉ា​នី​ ភេទ​ប្រុស​ អាយុ​ ២៧​ ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សុះ​ ហ៊ី​ម​ ភេទ​ប្រុស​ អាយុ ​៧០​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ ។​
ជនសង្ស័យ​និង​ជន​រង​គ្រោះ​ត្រូវជា​ឪពុក​កូន​នឹង​គ្នា​ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

​វត្ថុ​តាង​ដកហូត​បាន​៖ មាន​កាំបិតប៉័ងតោ​ចំនួន​១​ ។​

​ប្រ​ភ​ដដែល​បន្ដ​ថា​៖​ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​ត្រូវ​បាន​បងប្អូន​ក្រុម​គ្រួសារ​យក​ទៅ​អប់រំ​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ​ រាជធានី​ភ្នំពេញ​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៩​ រហូត​ដល់​ខែកុម្ភៈ​ ឆ្នាំ​២០២០​ ទើប​ក្រុម​គ្រួសារ​ទៅ​យក​ជនសង្ស័យ​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ជនសង្ស័យ​មាន​សភាព​ធម្មតា​ ។​ មក​ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២០​ ជនសង្ស័យ​មាន​អាការៈប្រែប្រួល​រវើរវាយ​ ហើយ​បាន​មក​ដាស់​ឪពុក​ដែល​កំពុង​ដេក​ ដោយ​និយាយ​ថា​ (​ប៉ា​ឯង​ឲ្យ​ខ្ញុំ​មក​ដាស់​ទេ​)​ រួច​ក៏​ទៅ​កន្លែង​ខ្លួន​ដេក​វិញ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២០​និង​០០​នាទី​ ជនសង្ស័យ​បាន​ចូល​ដេក​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ដូច​សព្វដង​ រហូត​មក​ដល់រ​វេលា​ម៉ោង ​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ ចូល​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២០​ ជន​រង​គ្រោះ​កំពុង​ដេក​ក្នុងផ្ទះ​ ពេល​នោះ​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​នៅផ្ទះ​បាយ​មក​អារក​ ជន​រង​គ្រោះ​ផ្នែក​ខាងឆ្វេង​ បណ្ដាល​ឲ្យ​មាន​របួស​ហូរ​ឈាម​ជា​ច្រើន​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្រែកហៅ​ឲ្យកូន​ជួយ​ហើយ​យក​ទៅ​ក្លី​និក​ឯកជន​២៤​ម៉ោង​ មុខ​ផ្សារ​ព្រែក​អញ្ចាញ​ ហើយ​កូន​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ី​ម​ រ៉​ហ៊ី​ម៉ាស់​ ក៏​បាន​មក​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ដើ​ម្ប​ចាត់ការ​តាម​ច្បាប់​ ។​

​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ​ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​យក​កាំបិត​ប៉័ង​តោ​អារកជន​រង​គ្រោះ​ដែល​ជា​ឪពុក​បង្កើត​ បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​ពិតប្រាកដ​មែន​ ៕

មតិយោបល់