ព្រះសីហនុៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ កម្លាំងល្បាតផែនការងារព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៤ករណី៖
+ករណីទី១៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងការិ.នគរបាលព្រហ្មទណ្ឌកំរិតស្រាល ល្បាតត្រួតពិនិត្យតាមភូមិសាស្រ្ត ពេលមកដល់ផ្លូវក្រោយសាវ៉ាតឌី អូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានប្រទះឃើញ ជនសង្ស័យ២នាក់ ភេទប្រុស (ជាមុខសញ្ញាឆក់សម្ភារៈ) ។ ជនសង្ស័យគ្រាន់តែឃើញសមត្ថកិច្ចបាននាំគ្នារត់គេចខ្លួន តែត្រូវកម្លាំងជំនាញដេញចាប់បានទាំង ២នាក់ ។
+ករណីទី២៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង១៥នាទីយប់ រំលងអធ្រាត្រ កម្លាំងផែននគរបាលព្រហ្មទណ្ឌបានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចស្ថានីយ៍ប្រេងតូតាល់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ២នាក់ ជាជនជាតិចិន ជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែត គួរឲ្យសង្ស័យតាមឃ្លាំមើល តែជនសង្ស័យបានដឹងខ្លួន បានជិះបង្វែងដានចុះឡើងៗ តែត្រូវបានកម្លាំងស្ទាក់ម៉ូតូចាប់ឃាត់ខ្លួនទាំង២នាក់ ធ្វើការត្រួតពិនិត្យ រកឃើញដែកបំពង់ទីប៣ដើម,កូនកាំបិតស្នៀត ៣ដើម និងកន្ត្រៃចំនួន ២ដើម ។
+ករណីទី៣៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវដល់ចំណុចអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ប្រទះឃើញជនសង្ស័យ ៣នាក់ ជាជនជាតិខ្មែរ កំពុងយកខ្សែភ្លើងដែលពួកវាលួចបានចំនួន៤បាវ បំរ៉ុងយកទៅលក់ឃើញដូចនេះកម្លាំងសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនតែម្តង ។
+ករណីទី៤៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទី ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដង ផ្លូវដល់ចំណុចវិមានឯករាជ្យ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ៣នាក់ ជាជនជាតិខ្មែរ កំពុងដឹកខ្សែភ្លើងដែលពួកវាលួចបានជាច្រើនបាវ ដាក់ក្នុងម៉ូតូកង់បី (ផាស់អាប់)១គ្រឿងនិងមានម៉ូតូ១គ្រឿងទៀតជិះគ្នា ២នាក់ តាមពីក្រោយ បំរ៉ុងយកទៅលក់ ឃើញដូចនេះកម្លាំងជំនាញ ស្ទាក់ឃាត់បានម៉ូតូកង់បីនិងអ្នកបើកបរ រីឯអ្នកជិះម៉ូតូតាមពីក្រោយ ២នាក់ គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំង ៤ករណី ខាងលើត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕
មតិយោបល់