កំពង់ធំៈ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្ម ធ្វើសកម្មភាពចាក់និងកាប់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ស្ថិតនៅក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះ៖ទី១-ឈ្មោះ រិន សៃ ភេទប្រុស អាយុ៦០ឆ្នាំ ( ស្លាប់) ទី២-ឈ្មោះ ឡេង លីម ភេទប្រុស ៣៨ឆ្នាំ ( របួសធ្ងន់)ទី៣-ឈ្មោះ សៃ ណៃ ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិ-ឃុំកើតហេតុ( របួសធ្ងន់) ។ ចំណែកជនសង្ស័យឈ្មោះ សាត ណូ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ជាមនុស្សមានសតិមិនប្រក្រតី (ត្រូវឃាត់ខ្លួន)។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជាច្រើនឆ្នាំកន្លងមកហើយ ជនសង្ស័យឈ្មោះ សាត ណូ ជាជនមានសតិមិនគ្រប់ តែងតែបញ្ចេញសកម្មភាពមិនប្រក្រតី ហើយឪពុកម្ដាយបានព្យាយាមព្យាបាល ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០នេះ ជនសង្ស័យមានសភាពធម្មតា បានលេបថ្នាំជាប្រចាំ ស្រាប់តែក្នុងថ្ងៃទីកើតហេតុ ជនសង្ស័យបានស្រែកម្នាក់ឯងថាជួយផងៗ ។ បន្ទាប់មកក៏ដើរចេញពីផ្ទះតែម្នាក់ឯង ដែលនៅខាងក្រោយផ្ទះជនរងគ្រោះ ជួនពេលនោះ ឈ្មោះ រិន សៃ កំពុងអង្គុយជុំគ្នាក្រោមផ្ទះ ដែលមានប្រពន្ធនិងម្ដាយបង្កើតរបស់ជនសង្ស័យ ដើរមកដល់ក៏ចាប់សក់ក្បាលជនរងគ្រោះ ឈ្មោះ រិន សៃ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ពេលនោះកូនប្រសារប្រុស ឈ្មោះឡេង លីម និងកូនបង្កើត ឈ្មោះ សៃ ណៃ របស់ជនរងគ្រោះ ចូលទៅជួយឪពុកហើយ ត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិត ទៅលើអ្នកទាំងពីរ បណ្ដាលឲ្យរបួសបន្ថែមទៀត ភ្លាមៗនោះក៏មានប្រជាជននឹងកម្លាំងប្រជាការពារភូមិ ជួយចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ដើម្បីព្យាបាល ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំទៅកាន់អធិការរដ្ឋាននគរបាលស្រុកស្ទោង ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ប្រគលឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់