ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្លាប់ជាប់គុក ចេញមកនៅតែប្រព្រឹត្ត ត្រូវសមត្ថកិច្ចចាប់ចូលវិញ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗ៤ឆ្នាំ ពេលចេញមកវិញមិនរាងចាល បន្តប្រព្រឹត្តបទល្មើសដដែល ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ស្រាវជ្រាវ​ និងបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​​ ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅសុខសាន្ត ។ លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀនទាំងការជួញដូរ​ និងការប្រើប្រាស់ គឺត្រូវតែធ្វើការស្រាវជ្រាវឲ្យដូចជាភ្លៀងរលឹម ។ ជាលទ្ធផល នៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី០៤​ ខែមេសាឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវតាមវិធានការជំនាញ​ និងឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅនឹងផ្ទះជនសង្ស័យឈ្មោះ នី សិឡា ភេទប្រុស​ អាយុ២៩ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់ ដបកែច្នៃសម្រាប់ជក់១ សំបកថង់មួយចំនួន បំពង់ប៊ឺតមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង។

ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះ នី សិឡា និងធ្វើការសាកសួរចម្លើយ នៅថ្ងៃដដែលកម្លាំងនគរបាលយើងបានបន្តទៅចាប់ឃាត់ខ្លួនឈ្មោះ លី ទីណា ភេទប្រុសអាយុ២៩ឆ្នាំ មានទីនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ នៅក្នុងការចុះបង្រ្កាបនេះ កម្លាំងនគរបាលឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៧ថង់ ទូរស័ព្ទចំនួន២គ្រឿងនិងរថយន្ត១គ្រឿង ។ នៅក្នុងកិច្ចប្រតិបត្តិការទាំង២ករណីនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសវត្ថុតាងថ្នាំញៀន សរុបចំនួន១០ថង់ ដបកែច្នៃសម្រាប់ជក់១ គម្របដបកែច្នៃសម្រាប់ជក់១ បំពង់ទែម៉ូម៉ែត្រ​១ សំបកទែម៉ូម៉ែត្រ២ ដែកកេះ១ សំបកសម្រាប់វិចខ្ចប់មួយចំនួន បំពង់ប៊ឺតមួយចំនួន ទូរស័ព្ទដៃ៤គ្រឿង និងរថយន្ត១គ្រឿង ។

​មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន​ ចេញមកវិញបានជិត១ឆ្នាំ តែពួកគេមិនរាងចាល បន្តប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដដែល ។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផ្លូវច្បាប់ ៕

មតិយោបល់