ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ជនដៃដល់ បាញ់សម្លាប់អតីតប្រពន្ធ នៅខណ្ឌសែនសុខ នឹងត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅវេលាម៉ោ២០ និង១០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយ (ប្រើអាវុធខ្លី បាញ់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់) កើតឡើង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដោយមានការសហការ រវាងនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការតាមឃាត់ខ្លួនជនដៃដល់ នៅស្រុកគៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ២៣ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

ករណីនេះ កើតឡើងដោយសារគំនុំ និងខឹង ជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នា ដាច់ស្រេចហើយ ក៏មានសាលក្រមសម្រេច លើការលែងលះនេះ តាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ ។

ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើជនរងគ្រោះចំនួន០២នាក់៖

១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ស្លាប់) ។
២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ ។

សម្ភារៈដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ , សំបកគ្រាប់ ០២គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់