ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿងបោះពួយយ៉ាងលឿន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច រងការខូចខាត។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាបើកបររថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តកូរ៉េដឹកទឹកកក ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2154 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយផាំង ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យឡើងទៅកល់ជាប់ពីលើរបាំងថ្មពុះចែកទ្រូង រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំ ទៅមុខលែងរួច ចំណែកឯរបាំងថ្មពុះចែកទ្រូង ខូចខាតវៀចបន្តិចបន្តួច។
ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់