ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន គ្រោះថ្នាក់ណាស់! រកឃើញពោះវៀនជ្រូក ខូចគុណភាពប្រមាណ ៥ តោន

កណ្តាលៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ០២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះ បានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវ តាមគោលការបច្ចេកទេស។ ដោយសង្កេតឃើញថា ផលិតផលទាំងនេះ បានខូចគុណភាព ពុំអាចយកមកប្រើប្រាស់ជាម្ហូបអាហារ សម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះ បានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយក ទៅកម្ទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញ ត្រូវបាននាំខ្លួនទៅសាកសួរបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕

មតិយោបល់