ព័ត៌មានជាតិ

ចាញ់បោកអ្នកធ្វើការជាមួយគ្នាអស់ម៉ូតូ១គ្រឿង បែរជាប្រឌិតរឿងថា ត្រូវចោរវាយប្លន់ទៅវិញ

ភ្នំពេញៈ បុរសម្នាក់ បានចាញ់បោកមិត្តរួមការងារជាមួយគ្នា អស់ម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារត្រពាំងល្វាផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបររថយន្តក្រុមហ៊ុនឯកជន ស្នាក់ នៅបន្ទប់ជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុគាត់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវអាលហ្វា ស៊េរី២០១៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1675 ចេញពីកន្លែងធ្វើការ នៅឯសាលាកូរ៉េ (ទំនប់កប់ស្រូវ) បំណង់ទៅមើលប្អូនឈឺ នៅបន្ទប់ជួលផ្លូវ២០០៤ ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុង ។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានបន្ថយល្បឿនបម្រុងឈប់ម៉ូតូ ដើម្បីរកទិញទឹកផឹក ខណៈនោះ ស្រាប់តែលេចមុខក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក តាមពីក្រោយ រួចធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលផ្កាប់មុខ ទៅនិងដី បាត់បង់ស្មារតីតែម្ដង ហើយឆ្លៀតពេលនោះ ក្រុមចោរបានលើកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់សម្រោល។

បន្ទាប់ពីដឹងខ្លួន ជនរងគ្រោះ ក៏ស្រែកឆោឡោបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ ធ្វើការសាកសួរប្រជាពលរដ្ឋ ជុំវិញកន្លែងកើតហេតុ រួមជាមួយជនរងគ្រោះរួចមក ឃើញថា ជនរងគ្រោះ មិនបានត្រូវក្រុមចោរ វាយប្លន់យកម៉ូតូនោះទេ។ នៅមុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញមកពីកន្លែងធ្វើការ ដោយពេលនោះ ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនជាមួយជនរងគ្រោះ បានសុំជនរងគ្រោះជិះម៉ូតូទៅជាមួយ ដោយពួកគេបានជិះឌុបគ្នា ចេញពីកន្លែងធ្វើការ រហូតមកដល់ចំណុចកើតហេតុ ជាផ្លូវស្ងាត់ជនសង្ស័យ ក៏ប្រាប់ថា ដល់ផ្ទះគេហើយ។ បន្ទាប់មកជនរងគ្រោះ ក៏បានឈប់ និងចុះពីលើម៉ូតូ ដោយមិនបានដកសោចេញទេ។ បន្ទាប់មកជនរងគ្រោះ បានដើរទៅទិញទឹកផឹក នៅតូបក្បែរនោះ តែមិនទាន់បានទិញផង ស្រាប់តែជនសង្ស័យ ឡើងជិះម៉ូតូជនរងគ្រោះ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់សម្រោល ដោយសុវត្ថិភាព។

ភ្លាមៗនោះ ដោយសារជនរងគ្រោះ ខ្លាចក្រុមគ្រួសារស្តីបន្ទោស ក៏ប្រឌិតរឿងថា ត្រូវចោរវាយប្លន់យកម៉ូតូតែម្តងទៅ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវសមត្ថកិច្ចនាំទៅធ្វើការអប់រំ ណែនាំ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់