ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិខ្មែរ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស) របួសធ្ងន់០២នាក់(ប្រុស) និងខូចខាតម៉ូតូ០២គ្រឿង។

ម៉ូតូទី១ម៉ាក វេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខ កំពត1E-0493 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ហាក់ ប៊ុន ធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនៅភ្នំពេញ ស្រុកកំណើតនៅភូមិដងទទឹង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ របួសធ្ងន់ ត្រូវបានបញ្ជូនដល់មណ្ឌលសុខភាពសណ្ដាន់ បានស្លាប់ (មិនសុវត្ថិភាព) ។ ចំណែកម៉ូតូទី២ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1F-2036 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ហេង រ៉េ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ របួសធ្ងន់បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង (មិនពាក់មួកសុវត្ថិភាព) មុខរបរកសិករ។ អ្នករួមដំណើរឈ្មោះ ប៉ូ ឡាត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ របួសធ្ងន់បាក់ជើងស្ដាំ (មិនពាក់មួកសុវត្ថិភាព) មុខរបររៀនជាងភ្លើងនៅភ្នំពេញ។

មូលហេតុបឋម៖ បង្កដោយអ្នកបើកបរម៉ូតូហុងដាឌ្រីម C125 ឈ្មោះ ហេង រ៉េ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់​រីឯសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់