កំពង់ធំៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខសាលារៀន វិទ្យាល័យ ហ៊ុន សែន ចំណាលើឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចំណាលើ និងកម្លាំងប្រជាការពារ បានឃាត់ខ្លួន ក្មេងទំនើងចំនួន០៤នាក់។
ក្មេងទំនើងទាំង៤នាក់រួមមានទី១.ឈ្មោះ បឿ សំប៊ន ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកកាន់ដំបងដែកទីបចំនួនពីរកំណាត់), ទី២.ឈ្មោះ ហាប ហំ ហៅ តឿ ភេទប្រុស អាយុ២៣ឆ្នាំ, ទី៣.ឈ្មោះ បូរ បាន ភេទប្រុស អាយុ២៧ឆ្នាំ(កាន់ដាវ) និងទី៤.ឈ្មោះ ឌត ជា ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងបួននាក់មានទីលំនៅភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យទាំង០៤នាក់ខាងលើ បានធ្វើសកម្មភាពជិះមូតូ កាន់កាប់ប្រើប្រាស់ អាវុធដាក់តាមខ្លួន។សមត្ថកិច្ចដកហូតបានដាវ០១ដើម ,ដំបងដែកទីប០២កំណាត់ និងម៉ូតូ០២គ្រឿង ដោយឡែកជនសង្ស័យឈ្មោះ ហាប ហំ និងឈ្មោះ បឿ សំប៊ន មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន។ បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី។
ដោយមានការសម្របសម្រួល ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបាននគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ក្រោយការសាកសួរចប់ លោក ឡុច ឡៅ ចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទ ការធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត តាមមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់យុវជន គ្រប់ស្រទាប់វណ្ណៈ ដែលជាទំពាំងស្នងឬស្សី ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវឆ្លើយថាទេចំពោះ គ្រឿងញៀន។ គ្រឿងញៀន ជាថ្នាំបំពុលស្មារតី លែងស្គាល់ទង្វើរ ខុស ឬត្រូវ ល្អ អាក្រក់ លែងស្គាល់អ្នកមានគុណ មនុស្សជាទីស្រឡាញ់ដូចជា ឪពុក ម្តាយ បង ប្អូន ញាតិ មិត្ត បំផ្លិចបំផ្លាញគ្រប់បែបយ៉ាង រួមទាំងអនាគត់ ផងដែរ៕
មតិយោបល់