ព័ត៌មានជាតិ

ការពារអាយុជីវិត និងសុវត្ថិភាពពេលបើកបរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តតាកូម៉ា បើកលឿងបុកទ្រូងផ្លូវ បាក់អស់៣កង់

ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន បត់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្តាលឲ្យខូចខាតខ្ទេចអស់មួយកំណាត់មុខរថយន្ត និងបាក់ដួលទ្រូងផ្លូវអស់៣កង់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវហ្គេនភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7520 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវរាងកោង ហើយរថយន្តខាងលើ មិនបន្ថយល្បឿននោះទេ បានបត់ស្តាំដៃ ក៏រេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួលអស់២កង់ នឹងវៀចអស់១កង់ ហើយរថយន្តទៅមុខលែងរួច ដោយខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខធ្លាក់កាង ក្រពឹតដំបូល និងបែកកញ្ចត់មុខ តែសំណាងល្អម្ចាស់រថយន្ត មិនមានរងរបួសនោះទេ។

ក្រោយកើយតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងជំនាញ មកធ្វើការវាសវែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯម្ចាស់រថយន្ត ត្រូវបានក្រុមគ្រួសារសាច់ញាតិ មកដឹកយកចេញពីកន្លែងកើតហេតុបាត់ទៅ៕

មតិយោបល់