បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២នាក់ ។
ជនសង្ស័យឈ្មោះ អ៊ឹម រដ្ឋា ហៅតយ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
ជនសង្ស័យឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសុភី១ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន ៣លើក
-លើកទី១៖ ធ្វើសកម្មភាព (ឆក់កាបូប) នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥និង០០នាទី ទៀបភ្លឺ បានលុយចំនួន ៤០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអូប៉ូមួយគ្រឿង។
-លើកទី២៖ ធ្វើសកម្មភាព (ឆក់កាបូប) នៅចំណុចទួលប៉ោយចារ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១និង៣០នាទី បានលុយចំនួន ៧ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណចំនួន ២សន្លឹក ។
-លើកទី៣៖ ធ្វើសកម្មភាព (លួចរទេះដឹកម៉ាស៊ីនកិនទឹកអំពៅ) នៅចំណុចភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៣និង០០នាទី ទៀបភ្លឺ ។
វត្ថុតាងដកហូតរួមមាន៖
– រទេះដឹកម៉ាស៊ីនកិនទឹកអំពៅចំនួន១
– កាបូបពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាពឆក់បានចំនួន ១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
មតិយោបល់