ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX330 បើកបុកគូទរថយន្តរ៉េនរ៉ូវើរ​ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត១គ្រឿងទៀត ដែលកំពុងឈប់ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខធនាគារABA ជាប់គល់ស្ពានអាកាសផ្សារដីហុយ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងទ្បើយគេឃើញជនជាតិចិនប្រុសស្រីចំនួន២នាក់ បានបើកបររថយន្ត១គ្រឿង ម៉ាករ៉េនរ៉ូវើរ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2V-1123 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានឈប់ចតនៅលើចិញ្ចើមផ្លូវ ដើម្បីចុះទៅធ្វើការដកលុយពីទូរATM។ ខណ:នោះស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកលុចស៊ីសRX330 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1490 បើកបរដោយបុរសជាជនជាតិម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ទិសដៅស្របគ្នាមកពីក្រោយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូទរថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្តរ៉េនរ៉ូវើរ ខូចខាតក្រពឹត និងបែកចង្កៀងផ្នែកខាងក្រោយចំហៀងខាងឆ្វេង។ រីឯរថយន្តបង្កវិញ បានខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងស្តាំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានជួយសម្របសម្រួលឲ្យភាគីទាំង២ ធ្វើការចរចាដោះស្រាយគ្នា ដោយភាគីទាំងពីរមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នា យករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង៕

មតិយោបល់