ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ០៣នាក់ប្រុស៖ ១-ឈ្មោះ ហេង វ៉ាអ៊ីហួយ ហៅហួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មេខ្លោងឃាត់ខ្លួន) ។ ២-ឈ្មោះ លន់ ពីនីញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ស៊ិន រាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទដៃបីគ្រឿង ។ ២.ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ និងបំពង់ទែម៉ូម៉ែត្រ សម្រាប់ជក់ថ្នាំញៀនចំនួន០១ និងដែកកេះចំនួន០១ (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ។

នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជ អាវុធហត្ថស្រុកអង្គស្នួល បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៤ មុខសាលា ស្រុកអង្គស្នួល ពេលនោះស្រាប់តែឃើញមនុស្សប្រុសចំនួនពីរនាក់ គួរឱ្យសង្ស័យ​ជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៩ លេខតួនិងលេខម៉ាស៊ីន ៥៤៤៥៩៩៦ ពាក់ផ្លាកលេខ ភ្នំពេញ1HM-7464 ។ ពេលនោះ សមត្ថកិច្ចហៅត្រួតពិនិត្យ អ្នកទាំងពីរបានលូកដៃចូលហោប៉ៅ រួចទាញយកបំពង់ទែម៉ូម៉ែត្រសម្រាប់ជក់ ថ្នាំញៀនបោះចោលទៅលើដី ។
ឃើញដូចនោះទើបកម្លាំងសមត្ថកិច្ចបានសហការគ្នា ដើម្បីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីសួរនាំ ក្រោយមកជនសង្ស័យឈ្មោះ លន់ ពីនីញ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ ស៊ិន រាជ ទើបនាំគ្នាមកពីជក់ថ្នាំញៀន ហើយចំពោះទូរស័ព្ទដៃដែលខ្លួនកំពុងប្រើប្រាស់នោះ ខ្លួននិងឈ្មោះ ហេង វ៉ាអ៊ីហួយ បានធ្វើសកម្មភាពឆក់យកពីជនរងគ្រោះ កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។
បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យភ្លាម កម្លាំងជំនាញស្រុក សហការ ជាមួយប៉ុស្ដិ៍បែកចាន បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វ៉ាអ៊ីហួយ ហើយបានសារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិអ្នកដទៃ បានសម្រេចសរុបចំនួនប្រាំបីលើក ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក បទជួញដូរសារធាតុញៀន ជាប់រយៈពេល២ឆ្នាំ នៅពន្ធនាគារ ខេត្តកណ្ដាល និង បទជួដូរសារធាតុញៀន ជាប់រយៈពេល៣ឆ្នាំ នៅមណ្ឌលអប់រំព្រៃស រាជធានីភ្នំពេញ ។

បច្ចុប្បន្ន​ករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់