ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូសណ្ដោងរ៉ឺម៉ក បុកម៉ូតូ បណ្ដាលឲ្យស្លាប់ក្មេងអាយុ៦ឆ្នាំម្នាក់ និងរបួសធ្ងន់ស្រាលមនុស្ស ០៥នាក់

កំពង់ស្ពឺ: កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិគង់លឹង្គ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក។

ហេតុការណ៍នេះ បានបណ្តាលឲ្យស្លាប់ក្មេងអាយុ៦ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល ០៥នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ណាល់ ជាភេទប្រុស អាយុ៤១ ឆ្នាំ របួសធ្ងន់ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។
លុះពេលមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1M-9355 បើកបរដោយឈ្មោះ សួន ទិត្យ ភេទប្រុស អាយុ៣៥ ឆ្នាំ (របួសធ្ងន់) ឌុបប្រពន្ធ ឈ្មោះ ទិល ខ្លឹម អាយុ៣២ឆ្នាំ (របួសស្រាល) និង និងកូនចំនួន២នាក់៖ ទី១.ឈ្មោះ សៅ ចាន់ធឿន អាយុ៨ឆ្នាំ របួសស្រាល និងទី២.ឈ្មោះ សៅ ចន្ថា អាយុ ៦ ឆ្នាំ ស្លាប់នៅនឹងកន្លែង។ អ្នកទាំង៤ រស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់