ព័ត៌មានជាតិ

តំណាងអយ្យការកោះហៅលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ឲ្យចូលខ្លួនបំភ្លឺរឿងបរិហារកេរ្តិ៍នាយករដ្ឋមន្ត្រី

ភ្នំពេញៈ យោងតាមការឲ្យដឹងក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram លោក លី សុផាណ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានចេញកោះហៅឈ្មោះ ថាក់ ឡានី និង ឈ្មោះ សម រង្ស៊ី ហើយសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីបញ្ជូនដីកាកោះនេះទៅសាម៉ីខ្លួន។ លោកថា តំណាងអយ្យការតម្រូវឲ្យលោកស្រី ថាន់ ឡានី ចូលខ្លួនរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ខណៈលោក សម រង្ស៊ី ត្រូវចូលខ្លួននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។ លោកបន្តថា ដីកាកោះហៅជនជាប់សង្ស័យមកស្តាប់ចម្លើយនៅក្នុងសំណុំរឿងដែលលោកមេធាវី គី តិច ប្តឹងកាលពីថ្ងៃទី ០១ សីហា ២០១៦។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា តំណាងអយ្យការក៏បានកោះហៅលោកមេធាវី គី តិច នឹងចូលឆ្លើយនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ពោល គឺចូលខ្លួនមុនជនជាប់សង្ស័យ។

សូមបញ្ជាក់ថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះបានដាក់ពាក្យបណ្ដឹងចំនួន២ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលពាក្យបណ្តឹងទី១ គឺប្តឹងលោក សម រង្ស៊ី ភេទប្រុស អាយុ៦៦ឆ្នាំ ជាប្រធានគណបក្សសង្គ្រោះជាតិ និងពាក្យបណ្តឹងទី២ ប្តឹងលោកស្រី ថាក់ ឡានី ភេទស្រី គឺជា សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ទាមទារជំងឺចិត្តជាទឹកប្រាក់ចំនួន១០០រៀលម្នាក់។

សូមជម្រាបថា មូលហេតុនៃការប្តឹងលោក សម រង្ស៊ី គឺកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ឈ្មោះសម រង្ស៊ី បានសរសេរលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន (Sam Rainsy) «ការបាញ់សម្លាប់លោកកែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច និងបានធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦ បញ្ជាក់ ចោទប្រកាន់ដដែលៗ នាំឲ្យមហាជនដែលនិយមប្រើបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកនិង បញ្ចេញមតិ ថ្កោលទោសលើរាជរដ្ឋាភិបាលកម្ពុជា»។

ដោយឡែកចំពោះលោកស្រី ថាក់ ឡានី វិញកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ ត្រូវបានគេបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលលោកស្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឯខេត្តរតនគិរីដោយមានខ្លឹមសារថា «ហើយឥឡូវនឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់លោក កែម ឡី អ្នកវិភាគនយោបាយ ឃើញនៅ»៕

hun sen sam rainsy lak thany

មតិយោបល់