ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករលីឥវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួច(លួចឡេថប និងទូរសព្ទ័ដៃ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ នៅចំណុចហាងលក់ទូរស័ព្ទដៃ(OPPO) ស្ថិតក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ មាស រ៉ង់ដា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ មានទីលំនៅបណ្តោះអាសន្នមហោស្រពចាស់ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ (ត្រូវបានឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ខេង កៅលី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន OPPO មានទីលំនៅក្រុម៤ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
សម្ភារបាត់បង់រួមមាន៖
-ទូរសព្ទ័ដៃចំនួន១០គ្រឿង
-ឡេថបចំនួន៤គ្រឿង។
ជនសង្ស័យ បានធ្វើសកម្មភាពប្រើដៃហែកបន្ទះដែកចូលទៅក្នុងហាងលក់ទូរស័ព្ទដៃoppo លួចបានទូរស័ព្ទដៃ ១០គ្រឿង និងឡេថបចំនួន ៤គ្រឿង ហើយគេចខ្លួនបាត់រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី ទើបកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ ឃាត់ខ្លួនបាន ក៏បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់