ព័ត៌មានជាតិ

ថ្លៃផ្ទះក្លាយទៅជាថ្លៃជំនឿចិត្ត! ខឹងមិនព្រមចេញ ផ្ទុះហិង្សាវ៉ៃអ្នកជួលផ្ទះបាក់ម្រាមដៃ និងប៉ោងមុខ

ភ្នំពេញ: ស្រ្តីជាម្ចាស់ផ្ទះជួលម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីប្រើហិង្សាវាយទៅលើអ្នកជួលផ្ទះ បណ្តាលឲ្យបាក់ឆ្អឹងម្រាមដៃ និងប៉ោងមុខ ដោយសារតែខឹង ជំពាក់ប្រាក់មិនព្រមសង និងដេញមិនព្រមចេញ។ ទោះបីជាយ៉ាងណា បន្ទប់ពីឃាត់ខ្លួន ក៏មានការសម្របសម្រួលហើយបានចេញលុយថ្លៃព្យាបាលចំនួន ៦០០ដុល្លារដើម្បីបញ្ចប់រឿង។

ការប្រើហឹង្សារនេះបានកើតកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលក្នុងផ្សារទំនប់ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនដៃដល់ឈ្មោះ ម៉ី ម៉ូលីដា ភេទស្រី អាយុ ៤៦ឆ្នាំ ជាម្ចាស់ផ្ទះជួលបន្ត មានលំនៅស្នាក់នៅកន្លែងកើតហេតុ ។
ស្រ្តីរងគ្រោះឈ្មោះ ឡុង ថន ភេទស្រី អាយុ ៤៣ឆ្នាំ ជាអ្នកលក់នំពុម្ព ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិល្វា ឃុំថ្មី ស្រុកចម្ការលើ ខេត្តកំពង់ចាម បានរងរបួសប៉ោងមុខ និងបាក់ម្រាមដៃស្តាំ១។

តាមនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងតែចាក់នំលក់ ស្រាប់តែម្ចាស់ផ្ទះ(ជួលគេបន្ត)មកប្រាប់ឲ្យរើអីវ៉ាន់ចេញ ឲ្យផុតៗ នៅក្នុងថ្ងៃនោះ ព្រោះគ្មានលុយឲ្យ ហើយជំពាក់លុយទៀត។ ខណ:នោះ នាងប្រាប់ថាចាំ ៣ថ្ងៃទៀតសិនទម្រាំរកផ្ទះជួលថ្មីទៀតបាន ស្រាប់តែស្រ្តីជាម្ចាស់ផ្ទះបានស្ទុះមកទះកំផ្លៀងមួយដៃ ហើយចាប់ប្រតាយកាន់ត្របៀតរុញទៅមក បណ្តាលឲ្យបាក់ម្រាមដៃ និងស្ទុះមកខាំចំចិញ្ចើម បណ្តាលឲ្យរបួសស្នាមហើយនាងក៏បានខាំម្រាមដៃវិញ។

តាមស្រ្តីរងគ្រោះបានបន្តទៀតថា នៅពេលមានការប្រតាយប្រតប់គ្នា បុរសជាប្តីម្ចាស់ផ្ទះបានស្ទុះមកវាយនាងបន្ថែមទៀត បណ្តាលឲ្យប៉ោងមុខ បន្ទាប់ពីរងរបួសនាងក៏បានមកដាក់ពាក្យបណ្តឹង ហើយត្រូវបាននគរបាលឃាត់ខ្លួនម្ចាស់ផ្ទះជួលនោះមកសួរនាំ។

សូមបញ្ជាក់៖ ផ្ទះនោះស្រ្តីរងគ្រោះជួលរកស៊ីតាំងពីម្ចាស់ផ្ទះដើមនៅអស់រយ:ពេលជាង ១០ឆ្នាំ មកហើយ នៅពេលថ្មីៗ ដោយសារតែស្ថានភាពជំងឺកូវីដ លក់មិនដាច់ ហើយគាត់គ្មានលទ្ធភាពយកលុយបង់ថ្លៃផ្ទះ និងកន្លែងលក់ក៏បានខ្ចីលុយរាប់ចំនួន ៥០០ដុល្លារ សរុបទាំងការទាំងដើមជំពាក់ចំនួន ២០លានរៀល និងថ្លៃឈ្នួលផ្ទះព្រមទាំងកន្លែងលក់ នៅជំពាក់ ២៩ម៉ឺនរៀលទៀត។ ជនរងគ្រោះបានបញ្ជាក់ថា ថ្លៃផ្ទះជួល ៨០ដុល្លារទាំងទឹកភ្លើង និងកន្លែង ៧៥ម៉ឺនរៀល។

តាមស្រ្តីជាម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះនោះត្រូវបាននាងជួលពីគេបន្ត ហើយអ្នកមកជួលជំពាក់ចឹង តើគាត់បានប្រាក់មកពីណាឲ្យគេវិញ។ នៅមុនពេលកើតហេតុដោយអ្នកជួលអត់ឲ្យលុយ គាត់ក៏បានមកប្រាប់ឲ្យរើចេញតែជនរងគ្រោះឆ្លើយថា អញមិនចេញ ក៏មានទំនាស់គ្នា វាយនិងខាំគ្នាទៅវិញទៅមក បណ្តាលឲ្យនាងរងរបួសដៃផងដែរ។

បន្ទាប់ពីឃាត់ខ្លួនមកភាគីទាំងសងខាងសម្របសម្រួល គ្នាដោយភាគីខាងជនបង្កជាម្ចាស់ផ្ទះក៏បានចេញថ្លៃព្យាបាលចំនួន ៦០០ដុល្លារ ហើយថ្លៃជំពាក់រួចគ្នាដើម្បីបញ្ចប់រឿង ៕

មតិយោបល់