បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា មានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងមណ្ឌលកុមារមេគង្គ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់អាវុធជាតិផ្ទុះ និងអគ្គិភ័យ បានឲ្យដឹងថា ផ្ទះដែលរងការខូចខាតមានទំហំ ៩ម៉ែត្រគុណ៦ម៉ែត្រ ថ្មក្រោម ឈើលើ មានម្ចាស់ឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌលកុមារមេគង្គ ។ នៅពេលកើតហេតុម្ចាស់ផ្ទះមិននៅដោយរវល់ចុះទៅធ្វើការងារនៅស្រុកម៉ាឡៃ ចាក់សោផ្ទះទុកចោល ។
លោកស្នងការរងបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន ៤រថយន្ត ទើបគ្រប់គ្រងស្ថានការបាន នៅវេលាម៉ោង ៣រសៀល ភ្លើងរលត់ទាំងស្រុង ។ ចំពោះការខូចខាតផ្ទះខូចខាតអស់៧០%ផ្នែកឈើខាងលើឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនឆេះអស់ផងដែរ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ជាប់ការងារទៅស្រុកម៉ាឡៃ ៕
មតិយោបល់