កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ សង្ស័យខ្យល់គ កាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចំណុចសាលាបុណ្យភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះណែម ណឺន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិឈើទាល ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បើតាមការបំភ្លឺពី ឈ្មោះ ណែម គុណលី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនបង្កើតរបស់ ជនរងគ្រោះ , ឈ្មោះ ណែម សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ និងឈ្មោះយ៉ង់ មួយហៀង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិតខាង បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ (ទាចទឹក) នៅឆ្នាំ២០១៩ ក្រុមគ្រួសារបានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យជប៉ុនក្នុងស្រុកពញាឮ ខេត្តកណ្ដាល ហើយគ្រូពេទ្យបានហាមឃាត់មិនឱ្យជនរងគ្រោះផឹកស្រានោះទេ ។ លុះក្នុងខែកុម្ភ: ឆ្នាំ២០២០ ជនរងគ្រោះបានលែងលះគ្នាជាមួយប្រពន្ធ ក្រោយពីលែងលះគ្នា ប្រពន្ធជនរងគ្រោះបាននាំកូន០៣នាក់(ស្រីទាំងបី) ទៅរស់នៅស្រុកកំណើតរបស់ខ្លួននៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ចំណែកជនរងគ្រោះ បានរស់នៅជាមួយម្ដាយបង្កើត(ជរា)ក្នុងភូមិឃុំកើតហេតុ ។ ក្រោយមកជនរងគ្រោះខូចចិត្តក៏បានដើរផឹកស្រាជាប្រចាំទាំងថ្ងៃទាំងយប់ ដោយមិនសូវហូបបាយទៀងទាត់ទេ ហើយនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានដើរផឹកស្រា រហូតដល់វេលាម៉ោង២២និង០០នាទី អ្នកជិតខាង បានឃើញជនរងគ្រោះមកដេកនៅកន្លែងកើតហេតុ ។ ដល់វេលាម៉ោង០៧និង០០នាទីព្រឹកនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ថាមាន សាកសពបុរសម្នាក់នៅកន្លែងកើតហេតុ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍ និងជំនាញ បានសហការជាមួយអាជ្ញាធរនិងគ្រូពេទ្យឃុំចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពជនរងគ្រោះ នៅលើខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ ។ បច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់