ព័ត៌មានជាតិ

លោក វេង សាខុន ចុះដោះស្រាយបញ្ហាជូនពលរដ្ឋនៅស្រុកដំបែរ

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី០៣ខែសីហាឆ្នាំ២០១៦នេះ បានចុះជួយអន្តរាគមន៍ និងដោះស្រាយលើបញ្ហាមួយចំនួន ជូនប្រជាពលរដ្ឋមកពីឃុំតំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ដែលពួកគាត់បានជួបប្រទះក្នុងពេលកន្លងមក។

ការដោះស្រាយនេះបានធ្វើឡើង នៅក្នុងវេទិកាសាធារណៈដើម្បីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៅឃុំតំបែរ ស្រុកតំបែរខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ប្រធាន អនុប្រធានសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់ទៀត។

នៅក្នុងវេទិកាសាធារណៈនេះ លោក វេង សាខុន បានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហា និងសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋ ហើយបានដោះស្រាយបញ្ហាប្រឈមមួយចំនួនតាមសំណូមពរប្រជាពលរដ្ឋក្នុងនោះរួមមាន៖ ដោះស្រាយបញ្ហាផ្លូវដោយធ្វើការជួសជុលស្ថាបនាឡើងវិញ ដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លី ការធ្វើអាជីវកម្មនិងផលប៉ះពាល់លើបរិស្ថាន អនាម័យ ព្រមទាំងជម្រុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនចូលរួមបំពេញសិទ្ធិនិងតួនាទីជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅឆ្នាំ២០១៧ ក៏ដួចជាត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ ក្រៅពីនេះបានផ្តល់សេវាបច្ចេកទេសកសិកម្ម និងបង្ហាញពីទីផ្សារផលិតផលកសិកម្មដល់ប្រជាកសិករ ពិសេសការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទីផ្សារ ជី ពូជ និងបច្ចេកទេសនិងអ្នកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា៕

photo_2016-08-03_17-25-22photo_2016-08-03_17-25-24photo_2016-08-03_17-25-26

មតិយោបល់