ព័ត៌មានជាតិ

បុរសម្នាក់ មកដេកកំដរមើលថែកូនឈឺសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានស្លាប់ដោយជំងឺលើសឈាម

ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ក្រោយពីទទួលទៀន បាយហូប និងស្រាបៀរ ខណៈដែលបុរសនោះបាន មកដេកកំដរមើលថែកូនឈឺសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។ ហេតុការណ៍នេះ គ្រូពេទ្យធ្វើកោសល្យវិច័យបានសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយជំងឺលើសឈាម ។

តាមការរៀបរាប់របស់ស្រ្តីជាប្រពន្ធបានឲ្យសមត្ថកិច្ចដឹងថា ប្តី របស់គាត់ជាជនរងគ្រោះឈ្មោះ សាយ សៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅឃុំបឹងត្រាញ់ ខាងជើង ស្រុកសំរោង ខេត្តតាកែវ មុខរបរធ្វើការរោងចក្រ កាន់អត្តសញ្ញាណប័ណ្ណ លេខ១០០៧៤៥២៧៩។
ប្រភពបានបន្តថា ប្រពន្ធជនរងគ្រោះឈ្មោះ ងួន ស្រីពៅ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០ ស្រុកកំណើតនៅភូមិបែពៃ ឃុំបឹងត្រាញ់ខាងជើង ខេត្តតាកែវ បានបំភ្លឺថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥និង០០នាទីទៀបភ្លឺ នាងនិងប្ដីបានជិះម៉ូតូកងបីចេញពីផ្ទះ ដើម្បីយកកូនមកមន្ទីរពេទ្យគន្ធបុប្ជាទី១ ពេលមកដល់ ក៏បានចូលពិនិត្យសុខភាពកូនរួច ពេទ្យបញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ជាទី២ ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ប្ដីនាងឈ្មោះ សាយ សៃ បានទៅ ទិញបាយហូបហើយនិងស្រាបៀរចំនួនបួនកំប៉ុង មកជាមួយផងដែរ ដោយទុកបាយឲ្យនាងហូប ហើយគាត់បានប្រាប់នាងថា គាត់យកស្រាបៀទៅផឹកជិតរបង មន្ទីរពេទ្យ ជាមួយនឹងគេចំនួនពីរកំប៉ុងម្នាក់ ។ លុះដល់ម៉ោងប្រហែល ៨និង៣០នាទី ទើបគាត់ត្រឡប់មកវិញ ក៏ចូលសំរាករហូតដល់ម៉ោង ១១និង៣០នាទី នាងបានដាស់គាត់ឲ្យ ជួយមុជទឹកឲ្យកូន ប៉ុន្តែគាត់មិនបានមុជទឹកឲ្យកូនទេ បានត្រឹមតែដាក់ទឹកដោះគោឲ្យកូនបៅប៉ុណ្ណោះ ហើយនាងក៏បានចូលបន្ទប់ទឹករួចពេលចេញមកវិញ ក៏បាន ដេកទាំងអស់គ្នាទៅ រហូតដល់ម៉ោង ០២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានអ្នកនៅជិតមកដាស់នាងថា ប្ដីនាងមានអាការៈមិនស្រួលខ្លួន ពេលនោះនាងបានក្រោកឡើងក៏បានហៅប្ដីឲ្យក្រោកឡើង ប៉ុន្តែគាត់នៅតែពុំដឹងខ្លួនដដែល ទើបនាងបានហៅគ្រូពេទ្យឲ្យជួយមើល ពេលគ្រូពេទ្យមកដល់បានជួយធ្វើចលនា ចង្វាក់បេះដូងហើយ នៅតែមិនដឹងខ្លួនដដែល បន្ទាប់គ្រូពេទ្យបានប្រាប់ថា ប្ដីនាងបានស្លាប់បាត់ទៅហើយ (ប្ដីនាងធ្លាប់មានប្រវត្តិជំងឺលើសឈាមពីមុខមក)។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡា សាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ និងគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មាការធ្វើកោសល្យវិច័យ ពិនិត្យសព។ ជាលទ្ធផលតាមការពិនិត្យរបស់លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យរាជធានី និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺលើសឈាម។

ក្រោយពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានប្រគល់សាកសពឲ្យទៅឈ្មោះ ងួន ស្រីពៅ ត្រូវជាភរិយាជនរងគ្រោះ យកទៅតម្កល់និងធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ៕

មតិយោបល់