ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខៃ ប្រសិទ្ធិ ក្ដុកក្ដួលរឿង ហង្ស ផល្លីមធុរ៉ា

ភ្នំពេញៈ បើទោះជាសពតារាសម្ដែងល្បីឈ្មោះលោកហង្ស ផល្លីមធុរ៉ា ត្រូវបានបូជារួចហើយក៏ដោយ ក៏មរណភាពរបស់លោក នៅតែមានឥទ្ធិពលធ្វើឲ្យមហាជនភាគច្រើនរំជួលចិត្តមិនទាន់បាត់។ដំណឹងអកុសលរបស់លោកក៏ធ្វើឲ្យ លោកខៃ ប្រសិទ្ធិ ដែលបានផ្ញើខ្លួននៅលើទឹកដីអូស្រ្តាលីបង្ហាញអារម្មណ៍ក្ដកក្ដួលផងដែរ។

យោងតាមការបញ្ជាក់របស់លោកសាវិន ហ្វីលីព ជាតារាសម្ដែងដែលមានទំនាក់ទំនងជាមួយតារាជើងចាស់រូបនេះ បានអះអាងថា លោកខៃ ប្រសិទ្ធិ បានខលមកលោក និងបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលពាក់ព័ន្ធនឹងរឿងលោកហង្ស ផល្លីមធុរ៉ា ទទួលមរណភាព។ លោកថាលោកខៃ ប្រសិទ្ធិ បាននិយាយរៀបរាប់ពីអនុស្សាវរីយ៍ជាមួយលោកហង្ស ផល្លីមធុរ៉ា និងថាតារាសម្ដែងរូបនេះ មានចរិកល្អ និងជាមិត្តដ៏ស្មោះត្រង់។ លោកថាក្នុងចំណោមតារាសម្ដែងទាំងអស់ លោក និងលោកហង្ស ផល្លីមធុរ៉ា បានរួមសម្ដែងជាមួយគ្នាច្រើនរឿង ហើយនៅក្រៅសិល្បៈលោក និងលោកហង្ស ផល្លីមធុរ៉ា ក៏មានទំនាក់ទំនងជាមិត្តនឹងគ្នាផងដែរ ដោយទើបតែដាច់ទំនាក់ទំនងក្រោយពេលលោកមករស់នៅនៅប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ លោកថាខ្លួនចង់ចង់មកគោរពសពរបស់លោកហង្ស ផល្លីមធុរ៉ា តាំងពីដឹងថាលោកបានស្លាប់ ប៉ុន្តែមកពីលោករស់នៅឆ្ងាយពេកទើបបានត្រឹមតែផ្ញើអារម្មណ៍ក្ដុកក្ដួល។

លោកថា លោកខៃ ប្រសិទ្ធិ បានសុំឲ្យលោកនាំយកថវិកាចំនួន២០០ដុល្លារអាមេរិកទៅប្រគល់ជូនភរិយាក្រោយរបស់លោកហង្ស ផល្លីមធុរ៉ា ដោយលោកសាវិន ហ្វីលីព បន្តថាថវិការបស់លោកខៃ ប្រសិទ្ធិ នឹងត្រូវយកទៅប្រគល់នៅថ្ងៃបុណ្យ៧ថ្ងៃ។ លោកថាលោកខៃ ប្រសិទ្ធិ បានលើកឡើងទាំងអួលដើមក នៅពេលដឹងថាលោកហង្ស ផល្លីមធុរ៉ា ស្លាប់ក្នុងវ័យ៥២ឆ្នាំដោយជំងឺដុំសាច់ក្នុងខួរក្បាលព្រោះតែគ្មានថវិកាព្យាបាល។ លោកខៃ ប្រសិទ្ធិ បានប្រកាសអរគុណដល់អ្នកនាងយុគ ចិន្តា ដល់លោកសុះ ម៉ាច និងតារាសិល្បៈទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់លោកហង្ស ផល្លីមធុរ៉ា ដោយលោកបញ្ជាក់ថានោះជាការរួមចំណែកនូវការស្រឡាញ់យ៉ាងធំធេងដល់តារាជើងចាស់ដូចជាលោកហង្ស ផល្លីមធុរ៉ា។

លោកខៃ ប្រសិទ្ធិ ទទូចឲ្យតារាសិល្បៈគ្រប់ជំនាន់ស្រឡាញ់គ្នា និងថាគឺមានតែរួមរួមសាមគ្គីគ្នាដូចអ្វីដែលលោកបានឃើញតារាសិល្បៈជំនាន់ក្រោយបានធ្វើប៉ុណ្ណោះ ដែលជួយឲ្យតម្លៃសិល្បៈរឹងមាំ។ ការទម្លាយចេញនូវអារម្មណ៍ក្ដុកក្ដួលរបស់លោកខៃ ប្រសិទ្ធិ គឺជាបញ្ជាក់ឲ្យដឹងថាតារារូបនេះនៅតែមានការឈឺឆ្អាលចំពោះតារារួមជំនាន់ក្នុងស្រុក។

លោកខៃ ប្រសិទ្ធិ ត្រូវគេដឹងថាធ្លាប់បានឡើងចុះមកលេងស្រុកខ្មែរស្ងាត់ច្រើនលើកមកហើយ ដោយមិនដែលបង្ហាញមុខឲ្យមានការភ្ញាក់ផ្អើលដល់អ្នកកាសែតនោះឡើយ។ លើកលែងតែការមកលេងស្រុកកាលពីលើកចុងក្រោយប៉ុណ្ណោះ ដែលលោកបានបង្ហាញខ្លូននៅក្នុងពិធីមង្គលការរបស់កូនស្រីរបស់អ្នកនាងជុំ រស្មី ហៅស្រីទូច និងនាយត្រដក់ ធ្វើឲ្យបែកខ្ចរខ្ចាយដល់អ្នកកាសែត និងក្រោយៗមកក៏បានផ្ដល់លុយតាមរយៈលោកសាវិន ហ្វីលីព ជួយជីកអណ្ដូងទឹកស្អាតនៅខេត្តសៀមរាប និងជួយថវិកាដល់ក្មេងប្រុសកំសត់ជាចោរលួចដូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះលោកជាថ្មី៕

photo_2016-08-03_23-13-32photo_2016-08-03_23-13-35photo_2016-08-03_23-13-40photo_2016-08-03_23-13-43photo_2016-08-03_23-13-50photo_2016-08-03_23-13-57photo_2016-08-03_23-14-00photo_2016-08-03_23-14-04photo_2016-08-03_23-14-09photo_2016-08-03_23-32-25photo_2016-08-04_07-49-45photo_2016-08-04_07-49-46photo_2016-08-04_07-49-47

មតិយោបល់