ព័ត៌មានជាតិ

ផ្អើលនៅខណ្ឌដូនពេញ! បុរសម្នាក់ ត្រូវក្រុមជនាសង្ស័យ ដកកាំភ្លើងបាញ់ រងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោងប្រហែល ៣យប់ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយ៉ាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ត្រូវជនសង្ស័យមួយក្រុម ដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ បណ្ដាលឲ្យរបួសធ្ងន់។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរថ្មើរជើងចេញពីផ្ទះ នៅមុខសូរិយាម៉ល ជាមួយជនសង្ស័យមានគ្នា ៣នាក់។ មួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីជាមួយគ្នាទ្បើយ ស្រាប់តែពួកគេបានប្រតាយប្រតបគ្នា រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួន ២គ្រាប់ផ្ទួនៗ បណ្ដាលឲ្យរបួសធ្ងន់។

ភ្លាមៗនោះ ក្រុមជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូ ២គ្រឿងមិនចាំផ្លាកលេខគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ធ្វើការត្រួតពិនិត្យ និងសាកសួរអ្នកនៅកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញា រួមទាំងប្រមូលសំបកគ្រាប់កាំភ្លើង យកទៅកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់