កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យដែលមានសតិមិនគ្រប់ម្នាក់ យកដែកកេះដុតផ្ទះរបស់ពលរដ្ឋដែលទុកចោលគ្មានមនុស្សរស់នៅមួយកន្លែង បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សារី ភេទប្រុស អាយុ៣២ឆ្នាំ (មានសតិមិនគ្រប់ សរសៃប្រសាទ)។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ លី តុងឈិត ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិក្រុងកើតហេតុ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ដែកកេះចំនួន៥ និងសម្ភារៈបាត់បង់មាន៖ ឆេះផ្ទះអស់មួយខ្នង ធ្វើអំពីឈើ និងសម្ភារៈមួយចំនួន ។
ប្រភពដដែលបន្ដថា យោងតាមការបំភ្លឺរបស់សាច់ញាតិជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យជាមនុស្សមានជំងឺសសៃប្រាសាទ ឈឺជាងមួយឆ្នាំមកហើយ និងធ្លាប់យកទៅព្យាបាលនៅមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀតទៀតផង ហើយសំបុត្របញ្ជាក់របស់មន្ទីរពេទ្យ ព្រមទាំងសៀវភៅគ្រួសារ ត្រូវបានជនសង្ស័យដុតចោលអស់ហើយ រីឯប្រជាពលរដ្ន និងអាជ្ញាធរ ក៏បានដឹងឮដែរថាជនសង្ស័យជាមនុស្សមានសតិមិនគ្រប់(ជំងឺសរសៃប្រសាទ) ហើយបានឲ្យបងប្អូនដាក់ច្រវ៉ាក់ជើងទុកនៅផ្ទះទៀតផង។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យបានកាត់ច្រវ៉ាក់ រួចរត់ចេញពីផ្ទះហើយទៅផឹកស្រា បណ្តាលឲ្យស្រវឹងធ្វើឲ្យជំងឺរើឡើង រួចទៅដុតផ្ទះរបស់ជនរងគ្រោះខាងលើដែលម្ចាស់ទុកចោលមិនបានរស់នៅបណ្តាលឲ្យចេះអស់តែម្តង។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់