ព័ត៌មានជាតិ

ចាប់ខ្លួនបានវិញហើយជនសង្ស័យដែលធាក់ទ្វាររថយន្តសមត្ថកិច្ចរត់គេចខ្លួនកាលពីព្រឹកមិញ

ភ្នំពេញ: ជនសង្ស័យ២នាក់ ដែលធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា រត់គេចខ្លួន នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ:ដឹកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីព្រឹកមិញ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានវិញហើយ ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ផាន វិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករអនាម័យ ទីកន្លែងកំណើរស្រុកមេសាង ខេត្តព្រៃវែង ។ ទី២ មានឈ្មោះកាន់ ផាន់ណា ហៅអាពាច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់ផ្សារអូឬស្សីទី៦ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់នេះបានប្រព្រឹតបទល្មើស កាន់កាប់អាវុធដោយខុសច្បាប់ មានកាំបិទបុ័ងតោនិងប្រើប្រាស់គ្រឿង ។

ប្រភពបន្តថាកាលព្រឹកកើតហេតុពិតជាមានករណីជនសង្ស័យ២នាក់ បានធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ:សមត្ថកិច្ចបានដឹកជនសង្ស័យខាងលើទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។ ភ្លាមៗនោះសមត្ថកិច្ចបានដេញឃាត់ខ្លួនជនសង្ស័យម្នាក់មកវិញ និងម្នាក់ទៀតឃាត់ខ្លួនបាននៅចំណុចផ្សារសូរីយ៉ាម៉លខណ្ឌដូនពេញ ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានបញ្ចូនជនសង្ស័យទៅកាន់ពន្ធនាគារព្រៃស ៕

មតិយោបល់