ព័ត៌មានជាតិ

សមត្ថកិច្ច ដុចបំផ្លាញចោល ផលិតផលសាច់ជ្រូកជាច្រើនកេស លួចនាំចូលដោយខុសច្បាប់ ពីថៃមកកម្ពុជា

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មន្ត្រីសមត្ថកិច្ចគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤.៥០០គីឡូក្រាមដែលលួចនាំចូល​ដោយខុសច្បាប់ពីប្រទេសថៃមកប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដឹកជញ្ជូនលើផ្លូវជាតិលេខ៥ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​យកទៅកម្ទេចចោល រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។

លោក ឡេង សុភ័ក្ត្រា មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួងប្រចាំនៅខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យឲ្យដឹងថា ផលិតផលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកនេះ ជនល្មើសបានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊េ១គ្រឿងដែលបើកពីព្រំដែនថៃមកក្នុងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចគយបានឆែកឆេរក្នុងរថយន្តរកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីរជ្រូក​ និងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើនឹងទម្ងន់៤,៥០០គីឡូក្រាម ។ ​ក្រោយធ្វើកំណត់ហេតុ ហើយហៅអ្នកបើកបរ និងម្ចាស់រថយន្តមកធ្វើកំណត់ហេតុប្រគល់ទទួល រួចនាំទៅ រណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមាន មន្ត្រីជំនាញពេទ្យ០២រូបចូលរួម ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ការបង្ក្រាបបានផលិតសាច់ជ្រូកខាងលើគឺទី១ ជាការលួចនាំចូលអត់ច្បាប់អនុញាត និងខុសនឹងសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺនាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ទី២ ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ៕

មតិយោបល់